ឥណ្ឌូណេស៊ីត្រៀមថវិកា៦០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស​

IMG_7801-1536x1024

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំជំនួយឥតសំណង ជាទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីបង្កបង្កើនផលលើផ្ទៃដីទំហំជិតមួយលានហិកតា ដើម្បីបបង្កើនផលិតកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។

ក្នុងអំឡុងពេលសន្និសីទជាតិ លើកទី១១ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការដឹកនាំរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើនទិន្នផលកសិកម្មឱ្យកើនឡើងខ្ពស់ តាមរយៈការកែច្នៃគុណភាពដីទំនេរនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើ ដីណា ដែលត្រូវបានពិនិត្យរួចរាល់សម្រាប់ការដាំដុះ ដោយកត់សម្គាល់ថា កម្មវិធីពង្រីកផ្ទៃដីកសិកម្មនេះ គឺមានសារៈសំខាន់ក្នុងការរក្សាស្ថេរភាពតម្លៃស្បៀងអាហារ ដែលជាសសរស្តម្ភយ៉ាងសំខាន់នៃភាពធន់របស់ជាតិ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «សន្តិសុខស្បៀងអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់របស់រដ្ឋ ពីព្រោះបញ្ហានៅក្នុងវិស័យស្បៀងអាហារ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ»។

លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានបន្ថែមថា រដ្ឋាភិបាលបើកចំហចំពោះកិច្ចសហការជាមួយសហគមន៍កសិកម្ម អង្គការ និងម្ចាស់ដី ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ផលិតកម្មដំណាំ។

លោកបានមានប្រសាសន៍ដូច្នេះថា​ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យដីរបស់យើងមានគុណភាពកាន់តែល្អប្រសើរ។ ក្រសួងរបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ពង្រីកផលិតកម្មកសិកម្ម»។​

សូមបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងពង្រីកការដាំដុះ រួមមានការចែកជូនគ្រាប់ពូជ ការធ្វើទំនើបកម្មគ្រឿងចក្រកសិកម្ម និងផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេស ដើម្បីបង្កើនផលិតកម្មជាបន្តបន្ទាប់ទៀត។ លើសពីនេះ ក្រសួងកសិកម្ម បានរៀបចំវិធានការសម្រាប់ការដាំដំណាំ និងការកែលម្អអភិបាលកិច្ចលើពាណិជ្ជកម្មម្ហូបអាហារ ដើម្បីធានាបាននូវស្ថេរភាពតម្លៃ និងការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជននៅទូទាំងប្រទេសឥណ្ឌូណេស៊ី។

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនកសិកម្មរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងដាក់ទុនវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ដោយការទិញឧបករណ៍កសិកម្មទំនើបៗ និងបន្ថែមម៉ាស៊ីនកិនស្រូវថ្មីៗ។

ក្រុមហ៊ុនរដ្ឋគ្រប់គ្រងមួយនេះ បានកំណត់យកត្រឹមចុងឆ្នាំ២០២៦ ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មស្បៀង ឱ្យបានចំនួន២០កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមជ្ឈមណ្ឌលនីមួយៗបំពាក់ដោយម៉ាស៊ីនសម្ងួតស្រូវ រោងម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនកែច្នៃចំណីសត្វ និងឃ្លាំងស្តុកស្រូវផងដែរ។

ប្រធានក្រុមហ៊ុនបាននិយាយថា ដើម្បីធ្វើឱ្យបានសម្រេចតាមគោលដៅ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយកសិករខ្នាតតូច ដើម្បីជួលដីដាំស្រូវ ឬបង្កើតកសិដ្ឋានផ្ទាល់ខ្លួនតែម្តង ព្រោះក្រុមហ៊ុននឹងទទួលបានដីទំហំជាង២២៥ ០០០ហិកតា ពីក្រសួងកសិកម្ម នៅចុងឆ្នាំ២០២៥នេះ។ ក្រុមហ៊ុនសង្ឃឹមថា អាចបង្កើនសមត្ថភាពផលិតស្រូវរបស់ខ្លួនឱ្យបានចំនួនបួនលានតោនក្នុងមួយឆ្នាំ ខណៈ​ទិន្នផល​ស្រូវសរុបមាន​ចំនួន៣០,៦លាន​តោន ​ក្នុង​ឆ្នាំ២០២៤។

លោកបាននិយាយបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មដោយចំណាយទឹកប្រាក់ប្រមាណ២៤លានដុល្លារ នៅលើផ្ទៃដីទំហំ១២ ០០០ហិកតា ដែលជាដីកម្មសិទ្ធិរបស់យោធាឥណ្ឌូណេស៊ី ដើម្បីក្រុមហ៊ុនអាចដាំស្រូវ និងដាំពោត ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបនាំចូលពីបរទេស។

លោកបាននិយាយថា គ្រឿងចក្រកសិកម្មទាំងនោះរួមមានគ្រឿងម៉ាស៊ីនព្រោះស្រូវ ច្រូតស្រូវធំៗ នាំចូលពីប្រទេសឥណ្ឌា រួមទាំងដ្រូនសម្រាប់បាញ់ថ្នាំ និងឧបករណ៍ត្រួតពិនិត្យពីផ្កាយរណប ដើម្បីជួយលើកកម្ពស់ផលិតភាពកសិកម្មជាតិ ដែលធ្លាប់តែធ្វើដោយដៃ។

លោក​បន្ត​ថា​ កសិករ​នៅ​អឺរ៉ុប និងនៅ​អាម៉េរិក ​មាន​ជីវភាព​ធូរធារ ដោយសារ​គ្រួសារ​មួយ​អាច​គ្រប់​គ្រង​ដី​រាប់​ពាន់​ហិកតា។ ចំណែកក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ី បានទទួលដី និងដើមទុនប្រហែល៤២លានដុល្លារពីរដ្ឋ ហើយគ្រោងស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីធនាគារ ដើម្បីសម្រាប់ពង្រីកការដាំដុះ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ