ដោយ ឡុង សារេត
ភ្នំពេញ៖ កសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីសាកល្បងដាំខ្ញីចិន លើកដំបូងលើផ្ទៃដីទំហំជាង១០ហិកតា ទទួលបានការគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋ ក៏បានបង្កើនផ្ទៃដីដាំដុះបន្ថែមឱ្យកើនដល់ជាង៥០ហិកតា នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគត។
អ្នកស្រី លៀង ស៊ុយហ៊ួរ នាយកគ្រប់គ្រងទូទៅនៃកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៥នេះ អ្នកស្រីបានដាំ និងប្រមូលផលខ្ញីបានចំនួនពីរលើក។ លើកទីមួយសាកល្បងដាំខ្ញីលើផ្ទៃដីជាង១០ហិកតា ហើយក្នុងមួយហិកតាប្រមូលផលខ្ញីជាមធ្យមប្រមាណ៧០តោន។ សម្រាប់លើកទីពីរ ក៏បានចាប់ផ្តើមប្រមូលផល កាលពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែវិច្ឆិកានេះ ការប្រមូលផលសម្រេចបានប្រហែល៦០ភាគរយនៃផ្ទៃដីសរុប។
អ្នកស្រី បានឱ្យដឹងទៀតថា ខ្ញីអូរសោមឆ្នាំនេះ បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ យើងឃើញថា ឆ្នាំនេះ ការគាំទ្រមានសន្ទុះខ្លាំង ស្របពេលប្រជាជនខ្មែរធ្វើពហិការឈប់ប្រើប្រាស់ផលិតនាំចូលពីប្រទេសជិតខាង ហើយខ្ញីដែលកសិដ្ឋានប្រមូលផលបានផ្គត់ផ្គង់ទៅទីផ្សារ នៅផ្សារក្នុងខេត្តបាត់ដំបងក្នុងមួយថ្ងៃជាមធ្យម១០តោន និងនៅខេត្តផ្សេងរួមនិងក្រុងភ្នំពេញផងដែរ។
អ្នកស្រីបន្ថែមថា «បើសិនប្រជាជនរបស់យើងបន្តព្យាយាមគាំទ្រខ្ញីអូរសោម បែបដូចសព្វថ្ងៃនេះជារៀងរហូត ខ្ញុំគិតថា នៅថ្ងៃក្រោយ យើងនឹងបន្តធ្វើការដាំដុះឱ្យបានច្រើនលើសនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយការនាំចូលមកពីប្រទេសខាងក្រៅ»។
បើតាមម្ចាស់កសិដ្ឋានខ្ញីអូរសោម ក្រៅពីមានផែនការបង្កើនការដាំខ្ញី អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងតំបន់ ងាកមកធ្វើការដាំខ្ញីឱ្យកើនឡើងច្រើនថែមទៀតក្នុងគោលបំណងចង់ប្រែក្លាយតំបន់មួយនេះទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគតផងដែរ។




