ញូវដេលី៖ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ២០០០ក៏ដោយ ក៏ប្រភេទពូជត្រីអណ្ដែងកូនកាត់របស់ថៃ នៅតែបន្តចិញ្ចឹមតាមបណ្ដាកសិដ្ឋាន និងលក់ដោយខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មានរបស់ឥណ្ឌា បានចេញផ្សាយហូរហែថា ដោយសារវត្តមាននៃពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌា ចាប់ផ្តើមបាត់បង់រហូតដល់៧០ភាគរយ ហើយពូជត្រីប្រភេទនេះក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។
នៅតំបន់មាត់សមុទ្រ និងតាមដងទន្លេ ដែលត្រីជាអាហារសំខាន់ ជាធម្មតាម្ហូបធ្វ់ពីត្រីត្រូវគេបរិភោគជាមួយបាយ ដូច្នេះការជ្រើសរើសពូជត្រី ដែលមានសុវត្ថិភាព និងមាននិរន្តរភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលប្រភេទត្រីភាគច្រើនមានសុវត្ថិភាពសម្រាប់ទទួលទាន និងមានជីវជាតិល្អសម្រាប់សុខភាព ប្រភេទពូជត្រីមួយប្រភេទ គឺត្រីអណ្ដែងថៃកូនកាត់ បែរជាបង្កសេចក្តីព្រួយបារម្ភដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថានថែមទៀត។
បណ្ដាញសារព័ត៌មានបានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរទីកន្លែងរស់នៅ។ ត្រីអណ្ដែងថៃកូនកាត់នេះ គឺជាប្រភេទត្រីស៊ីសាច់ ដែលបង្កគ្រោះថ្នាក់ដល់ពូជត្រីផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា។
ខណៈពេលត្រីអណ្ដែងថៃកូនកាត់ទទួលបានការពេញនិយមក្នុងកាតចិញ្ចឹមដោយសារវាឆាប់ធំ និងងាយស្រួសថែទាំ ត្រីនេះបានបង្កក្តីព្រួយបារម្ភអំពីសុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថានយ៉ាងឆាប់រហ័ស។ នៅក្នុងប្រទេសឥណ្ឌា ពូជត្រីអណ្ដែងថៃនេះ មានចិញ្ចឹមនៅតាមកសិដ្ឋានច្រើនណាស់ និងកំពុងធ្វើចរាចរលក់ស្ទើរគ្រប់ទិសទី ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាឡើយ។
យោងតាមសារព័ត៌មាន រដ្ឋាភិបាលឥណ្ឌា និងស្ថាប័ននិយតកម្មផ្សេងៗទៀត បានចេញបម្រាមហាមឃាត់រាល់ការចិញ្ចឹម លក់ចែកចាយ និងបរិភោគ ដោយសារតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងប៉រះពាល់ដល់បរិស្ថាន។
សាលាក្តីបៃតងជាតិ (National Green Tribunal) ដែលជាស្ថាប័នតុលាការអនុវត្តច្បាប់ការពារបរិស្ថាននៅក្នុងប្រទេសឥណ្ឌា បានហាមឃាត់ការចិញ្ចឹមពូជត្រីអណ្ដែងថៃនេះ តាំងពីដើមឆ្នាំ២០០០ ដោយលើកឡើងពីការបំផ្លេចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹកបង្កឡើងដោយពូជត្រីនេះ។
សាលាក្តីបៃតងជាតិរបស់ឥណ្ឌា មិនត្រឹមតែដើរតួឈានមុខគេក្នុងការការសុខមាលភាព និងសុវត្ថិភាពជលផល ការចិញ្ចឹម ការលក់ចែកចាយ និងការបរិភោគត្រីខុសច្បាប់បង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ស្ថាប័ននេះថែមទាំងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកបំពានលើបម្រាមនេះ។
ជំនួយការនាយកដ្ឋានជលផល នៅក្នុងប្រទេសឥណ្ឌា បានព្រមានថា ការទទួលទានត្រីអណ្ដែងថៃកូនកាត់ អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃពុយឡេង ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតជាមេរោគ។ ត្រីនេះគឺប្រភពបង្កជំងឺមហារីក និងជាត្រីបង្កគ្រោះថ្នាក់បំផុតមួយ ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា។
លើសពីនេះ ពូជត្រីអណ្ដែងថៃកូនកាត់ តែងតែមានផ្ទុកប៉ារ៉ាស៊ីតលើដងខ្លួនរបស់វា ដែលនាំឱ្យមានការផ្ទុះជំងឺឆ្លងរាលដាលភ្លាមៗនៅក្នុងបរិយាកាសវារីវប្បកម្ម ដែលអាចបំផ្លាញត្រីទាំងមូលតែម្តង។
មូលហេតុមួយទៀត ក្នុងចំណោមហេតុផលជាច្រើន ដែលពូជត្រីអណ្ដែងថៃ បង្កគ្រោះថ្នាក់ គឺដោយសារតែការអនុវត្តកសិកម្មគ្មាននិរន្តរភាព និងគ្មានអនាម័យ។ ជាពិសេស ដើម្បីតែប្រាក់ចំណេញ កសិករចិញ្ចឹមត្រីខ្លះ យកកាកសំណល់សាច់ស្អុយរលួយ មកលាយជាមួយកាកសំណល់បន្លែរលួយ ដើម្បីផលិតជាចំណីសម្រាប់ត្រីស៊ី។ ដូច្នេះ ចំណីប្រភេទនេះ មិនត្រឹមតែបំពុលត្រីប៉ុណ្ណោះទេ ប៉ុន្តែវាបង្កមេរោគមហារីកដល់មនុស្ស និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ៕