ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាល​

513255644_726691323496705_123670601326243817_n

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានក្តីសោមនស្សក្រៃលែង និងសូមចូលរួមអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច។

ការប្រារព្ធទិវាជាតិជាលើកទី២ បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងពេលជាងពីរទសវត្សរ៍កន្លងនេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងជាគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។

លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះ ដែលបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍បានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន។ ប្រការនេះទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើន និងពង្រឹងសមត្ថភាព មានការអភិវឌ្ឍ និងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន  និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប និងសេដ្ឋកិច្ចពិភពលោក ជដែលមានភាពមិនច្បាស់លាស់។

បង្គោលចរ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលជឿជាក់ថាយើងអាចសម្រេចបាន ស្របពេលប្រទេសកម្ពុជាបន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ៧,៨ភាគរយ ក្នុងឆ្នាំ២០២៥ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្សង្វាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីសាទរ។

តាមរយៈគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ការទទួលបានសេវាសាធារណៈពីបណ្តាក្រសួងស្ថាប័ន ជារួមមានភាពល្អប្រសើរ កាន់តែងាយស្រួល និងធ្វើឡើងតាមមធ្យោបាយឌីជីថលច្រើនឡើង។

ក្រសួងស្ថាប័ននានាកំពុងបន្តដាក់ចេញនូវវិធានការ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពវិស័យឯកជន ការសម្រួលពាណិជ្ជកម្ម និងរកដំណោះស្រាយចំពោះបញ្ហាប្រឈម ដែលនៅសេសសល់។ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ប្រាក់ដូចជាប្រព័ន្ធបាគង និងស្តង់ដា ខេអេចយ្យអរជាដើម បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មខ្នាតតូច និងអនឡាញ។

ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។ ចំនួនអ្នកខ្ចីជាសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ៨៥ ៣៣០ ប៊ីលានរៀល ឬស្មើនឹង៣៦,៣ភាគរយ នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។

ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង៧០ ០០០ បានចុះឈ្មោះដើម្បីបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍នានា។ រាជរដ្ឋាភិបាលសូមវាយតម្លៃខ្ពស់ នឹងប្តេជ្ញាគាំទ្រចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបានបន្តពុះពារ និងខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ច ដែលមានការប្រឈមក្តី។

ដ្បិតកំណើននៃធុរកិច្ចមួយចំនួនបានកំពុងថមថយ ហើយការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និងពាណិជ្ជកម្មអនឡាញកំពុងគំរាមកំហែងដល់ធុរកិច្ចជាប្រពៃណីមួយចំនួន រាជរដ្ឋាភិបាលបានមើលឃើញនូវឱកាសធុរកិច្ចថ្មីៗពីឧស្សាហូបនីយកម្ម ក៏ដូចជាសក្តានុពលនៃការពង្រឹងសមត្ថភាពនៃធុរកិច្ច ដែលបាននិងកំពុងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ឈរលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គ្នា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាស ដែលត្រូវក្តាប់យក និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា ការប្រកួតប្រជែងពីខាងក្រៅ។ តាមរយៈបទពិសោធនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន មានតែការត្រៀមលក្ខណៈ ការពង្រឹង និងអភិវឌ្ឍសមត្ថភាពសហគ្រិនភាព នវានុវត្តន៍ និងការខិតខំព្យាយាមបំពេញអនុលោមភាពប៉ុណ្ណោះ ដែលជាកត្តាកំណត់នៃភាពជោគជ័យក្នុងដំណើរការវិវត្តនេះ។

អនុលោមភាព ទោះបីអាចជាបន្ទុកបន្ថែមមកលើអាជីវកម្ម និងធុរកិច្ច ប៉ុន្តែ ក៏ជាម្ចាស់ និងជាស្ពានចម្លងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យអាចរីកធំធាត់និងបោះជំហានទៅមុខបន្តទៀតបាន។ ជាក់ស្តែងនិងជាសត្យានុម័ត បន្ទុកនៃអនុលោមភាព គឺត្រូវបានយន្តការទីផ្សារ អ្នកប្រើប្រាស់ និងនិយាមស្តង់ដាអន្តរជាតិ ជាអ្នកកំណត់ ហើយមិនចំណុះលើកត្តារាជរដ្ឋាភិបាលទាំងស្រុងនោះទេ។ អនុលោមភាព នឹងមិនមែនគ្រាន់តែ ជាជម្រើសទៀតទេ ប៉ុន្តែគឺជាកាតព្វកិច្ច និងជាគន្លងដែលអាជីវកម្មនិងធុរកិច្ចមិនអាចគេចវេសរួច។

ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម គ្រប់ប្រភេទ គ្រប់វិស័យ មេត្តាខិតខំពង្រឹងសមត្ថភាពនិងអភិបាលកិច្ចអាជីវកម្មរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកអនុលោមភាពពេញលេញ និងអាចចាប់យកឱកាសពីវដ្តសេដ្ឋកិច្ចថ្មីនេះ។

ការផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត របៀបរបបការងារ អភិបាលកិច្ច ការពង្រឹង និងលើកកម្ពស់គុណភាព សុវត្ថិភាព ស្តង់ដា អនាម័យ ការវិនិយោគបន្ថែមដើម្បីលើកកម្ពស់ផលិតភាព ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងទំនើបកម្មគ្រឿងម៉ាស៊ីន និងជាពិសេសការវិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញ គឺជាគន្លឹះដើម្បីឈានទៅរកអនុលោមភាព ហើយគួរត្រូវបានចាត់ទុកជាការវិនិយោគ ជាជាងបន្ទុកមកលើអាជីវកម្ម និងធុរកិច្ច។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី២នេះ ដាស់ស្មារតី និងផ្តល់នូវសញ្ញាណ ថាមពល និងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងអស់ត្រៀមខ្លួនតម្រង់ទិសឆ្ពោះទៅរកអនាគត សេដ្ឋកិច្ចមួយរឹងមាំ រីកចម្រើន និងខ្លាំងក្លាទាំងអស់គ្នា។

ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នទាំងអស់ ខ្ញុំសូមគាំទ្រនូវសកម្មភាព និងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យវិស័យនេះកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប៕


Screenshot 2026-07-24 094703 (2)
កសិករម្នាក់មានភាពជឿជាក់កាន់តែខ្លាំងលើមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ ជាងការធ្វើស្រែចម្ការ

ដោយ ឡុង សារេត បាត់ដំបង ៖ កសិករវ័យ៦៤ឆ្នាំម្នាក់ បានចាប់យកមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ និងជាប្រធានសហគមន៍ឧត្តមសែងត្រែង នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា មុខរបរផលិតកូនត្រីលក់ ឬបង្កាត់ភ្ញាស់កូនត្រីពូជ គឺល្អប្រសើជាងមុខរបរធ្វើស្រែ ខណៈឆ្នាំ២០២៥ ទទួលបានប្រាក់ចំណេញសុទ្ធ២៤លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា “សព្វថ្ងៃនេះគ្រួសារបានធ្វើស្រែចំនួនពីរហិកតាដែរ តែបើប្រៀបធៀបនិងមុខរបរផលិតកូនត្រី គឺមុខរបរផលិតកូនត្រីល្អជាងការធ្វើស្រែ។ សម្រាប់កូនត្រីយើងចាប់ផ្តើមបង្កាត់ភ្ញាស់ពីខែមីនា ដល់ខែមេសា និងខែឧសភា យើងអាចមានកូនត្រីសម្រាប់លក់ទទួលបានចំណូលបណ្តើរៗ។ តែបើធ្វើស្រែ យើងធ្វើពីរដង គឺយើងទទួលបានផលតែពីរដង ហើយការចំណាយម្តងៗអស់លុយច្រើន។ តួយ៉ាងរដូវកាលធ្វើស្រែកន្លងទៅនេះ សម្រាប់អ្នកខ្លះ គ្រាន់តែទូទាត់ទៅលើថ្លៃច្រូត ថ្លៃភ្ជួរ និងចំណាយផ្សេងៗអត់គ្រប់” ។ លោក ម៉ៅ ពេក បានចាប់ផ្តើមប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុក នៅឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២៦នេះ មានស្រះត្រី១៩ស្រះ។ ដោយមើលឃើញពីមុខរបរបង្កាត់ភ្ញាស់បានប្រាក់ចំណូលខ្ពស់ជាងការធ្វើស្រែជាងពីរហិកតា កាលពីខែមេសាកន្លងទៅនេះ លោកបានជីកស្រះ ចំនួនប្រាំពីរស្រះទៀត ដោយរំពឹងថា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៤០លានរៀល។ លោកបានឱ្យដឹងទៀតថា ក្រោយពីជីកស្រះបន្ថែមរួចហើយ ក្នុងនាមជាអ្នកជំនាញ […]

_130800198_45
បាតុភូតអែលនីញ៉ូអាចធ្វើឱ្យផលិតកម្មអង្ករពិភពលោកអាចធ្លាក់ចុះប្រាំបួនលានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧

ញូវដែលី៖ យោងតាមការព្យករណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្មស្រូវពិភពលោកអាចថយចុះប្រាំបួនលានតោន គឺធ្លាក់ចុះពី៥៤៥,៤លានតោន មកនៅត្រឹម៥៣៦,៤លានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧ ខណៈពេលបាតុភូតអែលនីញ៉ូ ដែលអាចមានកម្លាំងខ្លាំង រួមទាំងការឡើងនៃថ្លៃធាតុចូលផលិតកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងបង្កការគំរាមកំហែងដល់ដំណាំ។ ការព្យាករណ៍របស់ អេសអេនភី គ្លូបល (S&P Global) ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិទ្យា វិភាគទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក បានលើកឡើងថា អាកាសធាតុប្រែប្រួលខុសពីធម្មតា កំពុងបង្កផលប៉ះពាល់ដល់ប្រទេសផលិត នាំចេញ និងនាំចូលអង្ករ រួមមាន ឥណ្ឌា ប៉ាគីស្ថាន វៀតណាម ឥណ្ឌូណេស៊ី ចិន ភូមា និងហ្វីលីពីន។ សារព័ត៌មានរបស់ឥណ្ឌាចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២៦ បានដកស្រង់ការលើកឡើងរបស់សហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា​ ដែលនិយាយថា ប្រទេសទាំងឥណ្ឌាកំពុងប្រឈមនឹងសម្ពាធក្នុងកម្រិតខុសៗគ្នា ពីការរំខានកើតឡើងក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូវ ការផ្លាស់ប្តូរផ្ទៃដីដាំដុះ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទឹក និងការកើនឡើងនៃថ្លៃដើមផលិត។ របាយការណ៍បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលអូសបន្លាយពេលយូរ និងកាន់តែខ្លាំងឡើង រួមជាមួយនឹងការឡើងថ្លៃជី ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្កើតបរិយាកាសមិនល្អថែមទៀតសម្រាប់ទីផ្សារអង្ករពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាម៉េរិក បានព្យាករណ៍គិតត្រឹមខែកក្កដា […]

photo_2026-08-13_14-24-40 (2)
ខេត្តព្រះវិហារមានផ្ទៃដីដាំស្រូវសរីរាង្គ១៤០០០ហិកតា ទទួលបានទិន្នផល៣០០០តោន ក្នុងមួយឆ្នាំ

ដោយ រស្មី ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។ នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។ ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។ […]

photo_2026-08-15_14-05-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០

ដោយ នៅ  ស៊ីវុត្ថា កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ៣០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសិលានេះ គឺផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ខេត្តកំពង់ធំ ឱ្យឈានទៅរក កសិពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ […]

កាលវិភាគផ្សព្វផ្សាយ