ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជូនរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាច្រើនគ្រឿងទៅជួយដឹកផ្លែល្ពៅ ចំនួន ២០តោន របស់ប្រជាកសិករនៅខេត្តព្រះវិហារ ដែលកំពុងមានបញ្ហាកង្វះទីផ្សារ ដើម្បីយកមកលក់នៅរាជធានីភ្នំពេញ។
កាលពីពេលថ្មីៗនេះ បងប្អូនប្រជាកសិករនៅខេត្តព្រះវិហារ បាននិងកំពុងជួបបញ្ហាទីផ្សារក្នុងការលក់ផ្លែល្ពៅ ដែលជាកសិផលខ្មែរសំខាន់មួយផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមេត្តារួមគ្នាជួយតាមលទ្ធភាពដល់ប្រជាកសិករ។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមិថុនា បែបនេះថា “តបតាមការស្នើរសុំរបស់ក្រសួងពាណិជ្ជកម្ម លោកបាទបានបញ្ជូនរថយន្តដឹកទំនិញ ដើម្បីជួយដល់កសិករនៅខេត្តព្រះវិហារ ដែលកំពុងជួបបញ្ហាទីផ្សារលក់ផ្លែល្ពៅចំនួន ២០តោន ទៅកាន់រាជធានីភ្នំពេញ និង ចំនួនជាច្រើនតោនបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ បើប្អូនត្រូវការទិញអាចទាក់ទងបានដឹកជញ្ជូន ១២៥០ទីតាំងរបស់សាខាវីរ:ប៊ុនថាំ។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ”។
ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ បណ្តាផ្សារទំនើបធំៗមួយចំនួននៅកម្ពុជា ក៏បាននាំយកផ្លែល្ពៅមកដាក់លក់ក្នុងតម្លៃសមរម្យដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាពិសេសនៅផ្សារទំនើបអ៊ីអនម៉ល និងផ្សារជីពម៉ុង ក៏ដូចជាផ្សារទំនើបផ្សេងៗទៀត៕