ប្រហុកសៀមរាបត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច

photo_2025-05-05_12-03-34

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្ពោធប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

សមិទ្ធផលនេះកើកចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិការដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលផលផល និងក្រសួងពាណិជ្ជកម្ម។

ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (NCIP) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីគ័រ ទ្រីសមែន( Igor Driesmans ) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក​ ឆ្នាំ២០២៥ ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្មឱ្យមាននិរន្តរភាព និងការ អភិវឌ្ឍជនបទ។

លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និងក្រៅប្រទេស។

ក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម។

សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ការអភិវឌ្ឍជនបទ និងលើកកម្ពស់សេដ្ឋកិច្ច។ ឯកឧត្តម អ៊ីគ័រ ទ្រីសមែន បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ  គឺជា ឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែម ទៀតថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង៣៥០០មុខ ហើយសហភាពអឺរ៉ុបបានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ជាងមួយទសវត្សន៍មកហើយតាម រយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។

ប្រហុកសៀមរាប គឺជាផលិតផលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈ ពិសេសដូចទៅនឹងម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផលនិងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។

ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។ បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។

ក្រសួងកសិកម្មកម្ពុជាបានប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០។ ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផល ដែលគុណភាព និងមានរសជាតិដើមពិតប្រាកដរបស់ខ្មែរ។

ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕

   


photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

កាលវិភាគផ្សព្វផ្សាយ