សហគមន៍កសិកម្មតាសីសាមគ្គីត្រៀមផលិតនិងផ្គត់ផ្គង់បន្លែឱ្យកើនដល់១០តោននៅក្នុងមួយថ្ងៃ

ខេត្តបាត់ដំបង៖ បើពុំមានការប្រែប្រួលនោះទេ សហគមន៍កសិកម្មតាសីសាមគ្គីនឹងធ្វើការសាងសង់ផ្ទះសំណាញ់ដាំបន្លែបន្ថែម សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពសម្រាប់បម្រើដល់ការផលិតបន្លែរបស់ខ្លួននៅក្នុងខែឧសភានិងមិថុនា ហើយគ្រោងចាប់ផ្តើមដាំដុះទៅតាមផែនការនៅខែកក្កដានាពេលខាងមុខ ដោយរំពឹងថាការផ្គត់ផ្គង់បន្លែនៅលើទីផ្សារកើនដល់៨ទៅ១០តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បន្លែមានជាង២ទៅ៣តោនក្នុងមួយថ្ងៃ។

សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានមូលដ្ឋានផលិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបងមានផែនការបង្កើនការផ្គត់ផ្គង់បន្លែឱ្យកើនទ្វេដងនៅក្នុងមួយថ្ងៃនាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទទួលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជាមានថវិកាជិត២លានដុល្លារ កាលពីថ្ងៃទី២៨ខែមេសាកន្លងមកនេះ។

លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែទៅលើទីផ្សារក្នុងមួយថ្ងៃចន្លោះពីជាង២តោនទៅ៣តោន តែនៅពេលដ៏ខ្លីខាងមុខការផ្គត់ផ្គង់អាចនឹងកើនដល់៨តោនទៅ១០តោតនៅក្នុងមួយថ្ងៃ នៅពេលដែលការសាងសង់ផ្ទះសំណាញ់ ការសាងសង់ផ្លូវដឹកជញ្ជូន និងការរៀបចំប្រព័ន្ធស្រោចស្រព សម្រាប់បម្រើដល់ដំណើរការផលិតកម្មបន្លែសម្រេចបានលទ្ធផលតាមការគ្រោងទុក។

ទន្ទឹមនិងសហគមន៍កសិកម្មតាសីសាមគ្គី ទើបទទួលបានគម្រោងពិពិធកម្មកសិកម្មកម្ពុជា , បើតាមលោក ណុប នុន បានធ្វើការវាយតម្លៃក្នុងដំណាក់កាលដំបូងៗនេះថា បើសិនជាគម្រោងទទួលបានជោគជ័យតាមការគ្រោងទុក ពិតណាស់ វានិងជួយឱ្យកសិករមានភាពល្អប្រសើរ ។ ការចំណាយទៅលើការទិញធាតុចូលរបស់កសិករ និងធ្លាក់ចុះកាន់តែទាប។ ជារួមនៅថ្ងៃអនាគត តាមរយៈគម្រោងមួយនេះ និងធ្វើឱ្យកម្រិតជីវភាពរបស់សមាជិកសហគមន៍ នឹងប្រសើរឡើងពី៥០%ទៅ៦០% បើប្រៀបធៀបនិងកាលពីមុន។

យោងតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជាហៅកាត់ថា (ខាស់-CASDP) បានឱ្យដឹងថា សហគមន៍កសិកម្មតាសីសាមគ្គីនៅក្នុងខេត្តបាត់ដំបង ជាសហគន៍កសិកម្មដែលបានអនុវត្តធុរកិច្ចទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សហគមន៍មានសមត្ថភាពសង់ផ្ទះសំណាញ់ជាង១,000 ខ្នងសម្រាប់សមាជិករបស់ខ្លួន និងកសិករផ្សេងទៀត ក៏ដូចជាសហការជាមួយកសិករចំនួន២៧២ នាក់ ដើម្បីនាំចេញបន្លែសរីរាង្គ។

គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ គម្រោង CASDP ត្រូវបានអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម។

មកទល់នឹងពេលនេះ សហគមន៍កសិកម្ម “តាសីសាមគ្គី” ស្រុកថ្មគោល ខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលមានតម្លៃជិត ១,៨៩ លានដុល្លារ ដែលភាគច្រើនសម្រាប់សង់ផ្ទះសំណាញ់ចំនួន២២៥ខ្នង កែលម្អផ្លូវកសិកម្មប្រវែងជាង៧គីឡូម៉ែត្រ ប្រព័ន្ធធារាសាស្ត្រ និងឧបករណ៍ផ្សេងៗទៀត។

កិច្ចព្រមព្រៀងខាងលើនេះផងដែរ ជាដំណាក់កាលទី២ នៃការអនុវត្តផែនការអាជីវកម្ម តាមរយៈការសាងសង់ផ្ទះសំណាញ់ចំនួន៥០ សម្រាប់ផលិតកម្មបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ដែលជាមធ្យមកសិករអាចផលិតបាន ៣៧ តោនក្នុង១វដ្តរដូវ ឬ ២៣០ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យមជាង ២៩ពាន់ ដុល្លារ ក្នុងមួយវដ្តរដូវប្រមូលផល ឬ ១៦៩ពាន់ដុល្លារក្នុងមួយឆ្នាំសម្រាប់កម្រិតសមាជិកកម្នាក់ៗ។ សម្រាប់កម្រិតក្រុមផលិតវិញ កិច្ចព្រមព្រៀងនឹងផ្តល់ផ្ទះសំណាញ់ចំនួន ១៧៥ខ្នង សម្រាប់ផលិតផលបន្លែសុវត្ថិភាពដូចគ្នា ជាមធ្យមអាចផលិតបាន ១៣០ តោនក្នុង១វដ្តរដូវប្រមូលផល ឬ ៨១៨ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ៧៧ពាន់ដុល្លារ ក្នុងមួយវដ្តរដូវ ឬ ៤៥៨ពាន់ ដុល្លារ ក្នុង១ឆ្នាំសម្រាប់លក់ឱ្យសហគមន៍កសិកម្ម។

លើសពីនេះ គម្រោង CASDP នឹងផ្តល់ការគាំទ្រ១០០% សម្រាប់ការកែលម្អផ្លូវកសិកម្ម ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ ដោយចំណាយថវិកាសរុបជាង ៨៥៨ពាន់ដុល្លារនិងប្រព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន តាមរយៈការស្តារបឹងមួយកន្លែងមានទំហំ ៤៥ម៉ែត្រ x១១០ម៉ែត្រ x២ម៉ែត្រ ចំណាយថវិកាសរុបជាង ៧៦១ពាន់ដុល្លារ៕

 

 

 


541979894_1219938740178014_1560357175207445334_n
ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៤,៨ភាគរយ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ  ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។ លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព […]

image_2025-09-03_10-16-21
ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី និង​ចិន

ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន​ លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។ លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។ ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។  កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។ លោកបាននិយាយថា […]

image_2025-09-03_10-59-18
ផលិតផលកសិកម្ម​បួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ

ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។​ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោន​ក្នុងមួយឆ្នាំ។​ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕

image_2025-09-03_11-01-44
ប្រទេសចិននៅតែជាទីផ្សារដំឡូងមីដ៏ធំបំផុតរបស់វៀតណាម

ហាណូយ៖ យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង៩៥ភាគរយ ជាបរិមាណ និង៩៣ភាគរយ ជាតម្លៃនៃការនាំចេញសរុប។ ដោយសារសារពើភ័ណ្ឌទីផ្សាររបស់ចិនមានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន ប្រហែល៤៥ម៉ឺនតោននៃម្សៅដំឡូងមី កំពុងស្តុកទុកនៅកំពង់ផែធំៗរបស់ចិន រួមជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឡាវ និងប្រទេសកម្ពុជា​ បានបង្កើតសម្ពាធប្រកួតប្រជែងដោយផ្ទាល់លើដំឡូងមីរបស់វៀតណាម។ ការធ្វើពិពិធកម្មទីផ្សាររបស់វៀតណាមអាចជួយកាត់បន្ថយសម្ពាធនៃតម្លៃទីផ្សារ។ ក្រុមហ៊ុនវៀតណាមមួយចំនួន កំពុងជំរុញការនាំចេញម្សៅដំឡូងមីទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃ ១០-១៥ភាគរយ គឺខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំទីពីរសម្រាប់កោះតៃវ៉ាន់ ដែលមានបរិមាណជាងបីម៉ឺនតោន គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណែកទីផ្សារម្សៅដំឡូងមីរបស់វៀតណាមមានចំនួន១៦ភាគរយ នៃការនាំចូលសរុបរបស់តៃវ៉ាន់ គឺកើនឡើង១៤ភាគរយ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤។ បន្ថែមពីលើការផ្គត់ផ្គង់រោងចក្រកែច្នៃអាហារ និងក្រុមហ៊ុនផលិតចំណីសត្វ ក្រុមហ៊ុនប្រមូលទិញដំឡូងមីកំពុងរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រជីវឥន្ធនៈអេតាណុល។ យោងតាមការព្យាករណ៍ បានឱ្យដឹងថា ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីជីវឥន្ធនៈអេតាណុល នឹងឈានចូលដល់ដំណាក់កាលនៃប្រតិបត្តិការពេញលេញ ដើម្បីស្រូបយកដំឡូងមីរបស់វៀតណាម និងកាត់បន្ថយសម្ពាធនៃការនាំចេញ។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ ការនាំចូលដំឡូងមី និងម្សៅដំឡូងមីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានការនាំចូលសរុបនៃមុខទំនិញទាំងពីរនេះឈានដល់ ៦,១៩លានតោន មានតម្លៃជាទឹកប្រាក់ចំនួន១,៦៩ពាន់​ គឺកើនឡើង៩១ភាគរយជាបរិមាណ និង២៨ភាគរយជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីដ៏ធំបំផុតទៅកាន់ប្រទេសចិន ដែលមានចំនួន១,៣៤លានតោន […]

កាលវិភាគផ្សព្វផ្សាយ