ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។
ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។
យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។
ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។
ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh LLC)។
ការពង្រីកអាជីវកម្មនេះកើតឡើងក្នុងពេលតម្រូវការផលិតផលមីរ៉ាមេន ប៊ុលដាក់ (Ramen Buldak) របស់ក្រុមហ៊ុន សាមយ៉ាង កំពុងមានប្រជាប្រិយនៅលើទីផ្សារអន្តរជាតិ។
កាលក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមហ៊ុនបានរាយការណ៍ថា ចំណូលរួមរបស់ក្រុមហ៊ុនមានចំនួន៥៩៣ លានដុល្លារ គឺកើនឡើងជាង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ផាន់ អាណា)




