ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។
គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។
ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០ ០០០តោនក្នុងមួយឆ្នាំ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។
តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេង ដាច់ដោយឡែកមួយ ដែលមានសមត្ថភាពផលិតប្រេង៥ ០០០តោន ក្នុងមួយឆ្នាំ។
គម្រោងនេះគ្រោងចាប់ផ្តើមសាកល្បងម៉ាស៊ីនចម្រាញ់ប្រេង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ជាមុនសិន។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ដៃគូពាក់ព័ន្ធនឹងរៀបចំការវិនិយោគ និងសាងសង់រោងចក្រនៅឆ្នាំ២០២៧ ដោយចាប់ផ្តើមពីរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មុននឹងបន្តសាងសង់រោងចក្រចម្រាញ់ប្រេងពីសំបក។
រោងចក្រទាំងពីរគ្រោងនឹងសាងសង់នៅក្នុងសួនឧស្សាហកម្មស្វាយចន្ទី ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។ ផលិតផលនឹងផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយមានផែនការនាំចេញប្រេង CNSL និងផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកផងដែរ។
តាមអ្នកជំនាញបច្ចេកទេសជប៉ុន ប្រេងសំបកស្វាយចន្ទី មានសក្តានុពលប្រើប្រាស់ក្នុងឧស្សាហកម្មធុនធ្ងន់ និងអាចលាយជាមួយប្រេងម៉ាស៊ូតក្នុងសមាមាត្រប្រមាណ៥-១០ភាគរយ សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម៕





