ដោយ ជា មករា
ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បណ្ឌិត កៅ ថាច បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិន COFCO ដោយបានពិភាក្សាពីចេតនាចង់ឱ្យមានការសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជួយរក្សាកសិផលរបស់កសិករ និងអ្នកកែច្នៃ សំដៅ កាត់បន្ថយការខាតបង់ ។
កសិករខ្មែរខិតខំដាំដុះអស់ជាច្រើនខែ ប៉ុន្តែក្រោយប្រមូលផល បន្លែ សាច់ និងផ្លែឈើមួយចំនួនអាចខូចគុណភាព ឬត្រូវប្រញាប់លក់ក្នុងតម្លៃទាប ដោយសារខ្វះឃ្លាំងត្រជាក់សម្រាប់រក្សាទុក។
បញ្ហានេះអាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូល និងបាត់បង់ឱកាសលក់កសិផលទៅទីផ្សារដែលមានតម្លៃខ្ពស់។
ឆ្លើយតបនឹងបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកការពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន COFCO ដើម្បីស្វែងរកឱកាសសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ ដែលអាចជួយរក្សាគុណភាពកសិផល កាត់បន្ថយការខូចខាត និងបង្កើនឱកាសនាំចេញ។
តើឃ្លាំងត្រជាក់អាចជួយកសិករបានយ៉ាងដូចម្តេច? ក្រោយប្រមូលផល សាច់ បន្លែ និងផ្លែឈើដូចជា ស្វាយ មៀន និងបន្លែស្លឹក អាចត្រូវបានដឹកទៅកាន់មណ្ឌលប្រមូលផ្ដុំ ដើម្បីត្រួតពិនិត្យគុណភាព បែងចែកតាមប្រភេទ និងរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ កសិផលនីមួយៗត្រូវការលក្ខខណ្ឌរក្សាទុកខុសៗគ្នា ដើម្បីពន្យារភាពស្រស់ និងកាត់បន្ថយការខូចខាត មុនដឹកទៅផ្សារ រោងចក្រកែច្នៃ ឬនាំចេញ។
ប្រព័ន្ធនេះក៏អាចជួយឱ្យកសិករ និងអ្នកប្រមូលទិញមានពេលវេលាច្រើនជាងមុនក្នុងការរៀបចំការលក់ ជំនួសឱ្យការប្រញាប់បញ្ចេញផលិតផលទាំងអស់ភ្លាមៗក្រោយប្រមូលផល។ ទោះជាយ៉ាងណា ប្រសិទ្ធភាព និងប្រាក់ចំណូលដែលកសិករអាចទទួលបាន នឹងអាស្រ័យលើថ្លៃសេវាឃ្លាំងត្រជាក់ ការដឹកជញ្ជូន និងតម្រូវការទីផ្សារផងដែរ។
លោកបណ្ឌិតកៅ ថាច អគ្គនាយកធនាគារ ARDB បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នឹងអាចជួយកាត់បន្ថយការខាតបង់ក្រោយប្រមូលផល បង្កើនប្រាក់ចំណូលរបស់កសិករ និងពង្រីកឱកាសនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិ។
ក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន COFCO ដឹកនាំដោយលោក SHI Wenping ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ចាប់ពីការផលិត ការកែច្នៃ ការស្តុកទុក រហូតដល់ការនាំចេញ។ លោក កៅ ថាច រំពឹងថា ជំនួបនេះនឹងបើកផ្លូវឱ្យមានការងារបន្ត ដើម្បីជំរុញការអភិវឌ្ឍឃ្លាំងត្រជាក់ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។
មន្ត្រីនាំពាក្យនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅមិនទាន់បានឆ្លើយតបនៅឡើយទេ ទាក់ទងនឹងបញ្ហាប្រឈមដែលកសិករកម្ពុជាកំពុងជួបប្រទះ ដោយសារខ្វះប្រព័ន្ធឃ្លាំងត្រជាក់នេះ ។ គួរបញ្ជាក់ថា COFCO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៩ និងជាសហគ្រាសរដ្ឋដ៏ធំមួយរបស់ចិនក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។ ក្រុមហ៊ុននេះមានប្រតិបត្តិការនៅជាង១៤០ប្រទេស និងតំបន់ទូទាំងពិភពលោក ដោយគ្របដណ្ដប់លើការផលិត ការស្តុកទុក ការកែច្នៃ និងពាណិជ្ជកម្មកសិផល៕













