ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានទទួលជំនួយឥតសំណង ជាទឹកប្រាក់ចំនួន១០០លានដុល្លារ ពីប្រទេសន័រវែស បន្ទាប់ពីបាកជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បេសកជនទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល របស់ប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ភាពជាដៃគូជាមួយប្រទេសន័រវែស បានបង្ហាញពីលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។
កន្លងមកប្រទេសន័រវែសក៏បានផ្តល់ថវិកាដល់ប្រទេសឥណ្ឌូណេស៊ី ជាទឹកប្រាក់ចំនួន២១៦លានដុល្លារ ដើម្បីទទួលស្គាល់សមិទ្ធផលរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី។
លោកបេសកជន បានបញ្ជាក់ថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសន័រវែសក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ហើយបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលន័រវែស នឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុជាសកល សម្រាប់ការអភិរក្សព្រៃឈើ សហគមន៍មូលដ្ឋាន និងនិរន្តរភាពអាកាសធាតុ។
ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងបរិស្ថាន ន័រវែស បានកោតសរសើរចំពោះប្រទេសឥណ្ឌូណេស៊ី ដែលបានកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។
លោកស្រីបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលកើតចេញពីគោលនយោបាយប្រកបដោយមហិច្ឆតា ភាពជាអ្នកដឹកនាំខ្លាំង និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព។ ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញឱ្យឃើញពីលទ្ធផលនៃការរួមបញ្ចូលគ្នារវាងមហិច្ឆតា និងសកម្មភាពប្រកបដោយតុល្យភាព។
លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះថា ជាយន្តការដ៏សំខាន់មួយក្នុងការជំរុញឱ្យប្រទេសផ្សេងទៀតកាន់តែច្រើនចូលរួមអភិរក្សផ្ទៃដីព្រៃឈើរបស់ខ្លួន។ លោកស្រីក៏បានសម្តែងក្តីសង្ឃឹមថា ជំនួយឥតសំណងថ្មីនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើឱ្យព្រៃឈើ និងដីក្លាយជាប្រភពស្រូបយកកាបូនតាមបែបធម្មជាតិ។
លោកស្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការទទួលស្គាល់ និងកំណត់ទុកព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិច ចំនួន១,៤លានហិកតា ក្នុងរយៈពេល៤ឆ្នាំខាងមុខ ដោយចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការការពារព្រៃឈើ និងចូលរួមចំណែកដោះស្រាយបញ្ហាអាកាសធាតុ៕ (ផាន់ អាណា)







