ដោយ រស្មី
ភ្នំពេញ៖ បាតុភូត អែលនីញ៉ូ កម្រិតខ្លាំង កំពុងឈានមកដល់ចុងឆ្នាំ២០២៦នេះហើយ។ ដូច្នេះសមាគមកាហ្វេកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់ចម្ការទើបតែដាំ១ឆ្នាំ ទៅ២ឆ្នាំថា ដើមនៅខ្ចី គឺអាចងាយឆេះខ្លោច និងងាប់បាន។
ដើមកាហ្វេដែលទើបដាំក្នុងរយៈពេល ១–២ ឆ្នាំ គឺងាយរងគ្រោះពីកម្ដៅនៃបាតុភូតអែលនីញ៉ូជាងគេ ព្រោះឫសនៅខ្លី មិនទាន់ចាក់ជ្រៅ ហើយបើគ្មានការត្រៀមខ្លួនទេ ដើមអាចស្រពោនងាប់ ឬលូតលាស់យឺត ធ្វើឲ្យផលិតកម្មកាហ្វេធ្លាក់ចុះ។
សមាគមកាហ្វេកម្ពុជាបានដាស់តឿនឱ្យកសិករអ្នកដាំកាហ្វេទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតអែលនីញ៉ូ។
អ្នកជំនាញអាកាសធាតុអន្តរជាតិព្យាករហើយថា បាតុភូត អែលនីញ៉ូ កម្រិតខ្លាំងបំផុត អាចឈានដល់កំពូលនៅចុងឆ្នាំ២០២៦ ហើយបន្តឥទ្ធិពលរហូតដល់ឆ្នាំ២០២៧ ហើយរដូវប្រាំងខាងមុខនៅកម្ពុជា អាចក្តៅខ្លាំង និងរាំងស្ងួតអូសបន្លាយយូរជាងធម្មតា។
សមាគមកាហ្វេកម្ពុជាបានប្រាប់ដល់កសិករត្រូវតែមានវិធានការសំខាន់សម្រាប់បម្រុងទុកមានដូច ពង្រីក និងស្តុកប្រភពទឹកពីស្រះ អណ្តូង អាងស្តុកទឹកជាដើម; រៀបចំ ឬពិនិត្យប្រព័ន្ធស្រោចស្រពតំណក់ទឹក; គ្របដីជុំវិញគល់ដើម ដោយចំបើង ស្លឹកឈើ ឬសំបកកាហ្វេ ដើម្បីរក្សាសំណើមក្នុងដី; និង ផ្តល់សារធាតុចិញ្ចឹមគ្រាប់គ្រាន់ ឲ្យកាហ្វេមានភាពធន់ទ្រាំកំដៅថ្ងៃ ជាដើម។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា បរិមាណផលិតផលកាហ្វេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥កន្លងមក សរុបជាង ១៣១៤តោន ហើយទិន្នផលជាមធ្យមក្នុងមួយហិកតារបស់កាហ្វេគឺ២,៥០តោន៕







