តៃវ៉ាន់នាំ ចេញផ្លែម្នាស់ទៅអាម៉េរិក នាំចេញផ្លែស្វាយ និងគូលែន ទៅអឺរ៉ុប

Display Of Pineapple In Sustainable Plastic Packaging Free Grocery Store

តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់រំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លែម្នាស់ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ បន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់សហរដ្ឋអាម៉េរិក បានប្រកាសឯកភាពចំពោះលក្ខខណ្ឌនាំចូលកសិផលរបស់តៃវ៉ាន់។

រដ្ឋមន្ត្រីកសិកម្មតៃវ៉ាន់បានឱ្យដឹងថា ពូជម្នាស់បីប្រភេទដាំដុះលើកោះតៃវ៉ាន់ មិនតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កពិសេស ដើម្បីកម្ចាត់រុយទិញផ្លែ និងដង្កូវសត្វល្អិតឡើយ។

ក្នុងឆ្នាំ២០២៦ កោះតៃវ៉ាន់បាននាំចេញម្នាស់ចំនួន១៥ ៧០០តោនទៅកាន់ប្រទេសជប៉ុន ខណៈការនាំចេញទៅកាន់ប្រទេសកាណាដា កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងផងដែរ។

ទន្ទឹមនឹងនេះ កោះតៃវ៉ាន់កំពុងខិតខំស្វែងរកការអនុញ្ញាតឱ្យនាំចេញផ្លែស្វាយ ផ្លែស្រកានាគ ផ្លែគូលែន និងផ្លែត្របែក ទៅកាន់ទីផ្សារផ្សេងទៀត។

កាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងផ្លែត្របែកពីតៃវ៉ាន់ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអឺរ៉ុបក៏បានអនុញ្ញាតឱ្យនាំចូលផ្លែពុទ្រា ផ្លែស្រកានាគ និងផ្លែគូលែនផងដែរ។

ផ្លែស្វាយ និងផ្លែគូលែនរបស់តៃវ៉ាន់ បានចូលដល់ផ្សារទំនើបនៅចក្រភពអង់គ្លេស និងប្រទេសបារាំងជា

 ផ្លែស្វាយតៃវ៉ាន់ បានចូលដល់ទីផ្សារបារាំង ហើយលក់អស់ជាង៤តោន ក្នុងរយៈពេលមួយខែ ក្នុងតម្លៃ២៩ ដុល្លារក្នុងមួយផ្លែ។

ការទទួលបានសិទ្ធិចូលទីផ្សារទាំងនេះ កើតចេញពីកិច្ចចរចា ស្តីពីលក្ខខណ្ឌនាំចូលរបស់អឺរ៉ុប ដែលគ្របដណ្តប់លើការដាក់ស្លាកសញ្ញាសម្គាល់ផលិតផល កម្រិតសំណល់ថ្នាំកសិកម្ម និងលក្ខខណ្ឌធ្វើទីផ្សារ។

តៃវ៉ាន់ក៏ទទួលបានសិទ្ធិនាំចេញម្នាស់ទៅកាន់ប្រទេសនូវែលសេឡង់ផងដែរ បន្ទាប់ពីកិច្ចចរចាអស់រយៈពេល៨ឆ្នាំ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ២០១៣។ ម្នាស់តៃវ៉ាន់ជើងដំបូងបានទៅដល់ប្រទេសនូវែលសេឡង់ នៅខែឧសភា ឆ្នាំ២០២៥។

ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងរក្សាទុកផលិតផលក្នុងសីតុណ្ហភាពត្រជាក់ បានជួយឱ្យផ្លែឈើតៃវ៉ាន់អាចចូលទៅកាន់ទីផ្សារជាច្រើន រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា សិង្ហបុរី ហុងកុង ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះប៉ាឡៅ។

ទោះបីជាតៃវ៉ាន់កំពុងពង្រីកទីផ្សារទៅកាន់អឺរ៉ុបក៏ដោយ ចិន និងហុងកុង នៅតែជាគោលដៅនាំចេញផ្លែឈើសំខាន់ជាងគេផងដែរ។

ក្នុងរយៈពេលពីឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៦ តៃវ៉ាន់បាននាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារចិន និងហុងកុង ក្នុងតម្លៃសរុប៣៧០លានដុល្លារ ចំណែកការនាំចេញទៅជប៉ុន មានតម្លៃជិត២០០លានដុល្លារ៕ (ផាន់ អាណា)


Closeup of prepared basa fish on the ground under the lights
អ្នកស្រាវជ្រាវមកពីអង់គ្លេសសិក្សាពីភាពធន់នឹងថ្នាំប្រឆាំងមេរោគ ក្នុងការចិញ្ចឹមត្រីប្រា នៅវៀតណាម

ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។ គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។ គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។ លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។ […]

photo_2026-10-23_14-16-24 (2)
នាំអង្ករជើងទី២ ៥០០០តោន ទៅ​ហ្វីលីពីន – ស៊ីកនេតឈ័រ រ៉ាយស៍ ថាជើងទី៣ និងទី៤ គឺ​នៅចុងខែតុលា

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន​ ស៊ីកនេតឈ័រ រ៉ាយស៍ (Signature Rice) ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយបាននាំចេញអង្ករតាមកប៉ាល់ចំនួន៥ ០០០ តោន ជាលើកទី២ ទៅកាន់ប្រទេសហ្វីលីពីន​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីនាំចេញជាង៥ពាន់តោនកាលពីដើមខែមុន។ នេះបើយោងតាមការ​បញ្ជាក់ពី ឧកញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមងហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករ​ដឹក​តាម​កប៉ាល់ជើង​ទី៣នៅ ថ្ងៃទី​២៥ ខែតុលា ​  និង​ជើងទី៤ នៅ ថ្ងៃទី៣១ ខែតុលា ហើយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារហ្វីលីពីន​ ក៍ដូចជាធានាបាននូវផែនការ ​និងពេលវាលាដឹកជញ្ជូន ក្រុមហ៊ុនកំពុងរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រទេសហ្វីលីពីនជាទីផ្សារអង្ករ​ធំឈានមុខគេមួយ​ ដែលបានទិញ​អង្ករពី​កម្ពុជាយ៉ាងច្រើន នៅក្នុងឆ្នាំ២០២៦នេះ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងជួយជ្រោម​ជ្រែងយ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ ដោយបានដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ទៅជួបពិភាក្សាជាមួយភាគីរដ្ឋ និងឯកជន ដើម្បីផ្គូរផ្គង​ធ្វើពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់។ ​ជាពិសេសនោះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយ បានទម្លាក់ទុនជិត២០០លាន​ដល្លារ ​ដើម្បីជួយជាទុនបង្វិលទិញស្រូវ […]

photobank-2025-04-17T144130.090-1
វៀតណាមរកចំណូលបាន៣៣១លានដុល្លារ ពីម្រេចនាំចេញទៅអាម៉េរិក

វៀតណាម៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញម្រេចទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងបរិមាណជាង៤៤ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់សរុបជាង៣៣១លានដុល្លារ។ នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។ បើគិតតាមបរិមាណ ម្រេចវៀតណាមមានចំណែករហូតដល់ជាង៨០ភាគរយ នៃបរិមាណម្រេចសរុប ជិត៥៥ម៉ឺនតោន ដែលសហរដ្ឋអាម៉េរិកបាននាំចូលក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦នេះ។ សហរដ្ឋអាម៉េរិក បាននាំចូលម្រេចក្នុងតម្លៃសរុប៤០៧លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏នាំចូលម្រេចពីប្រទេសផ្សេងទៀតដូចជា គឺឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។ ចំណែកការនាំចូលម្រេចពីប្រទេសប្រេស៊ីល និងចិន បានកើនឡើងបន្តិចបន្តួចក្នុងទីផ្សារអាម៉េរិក។ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញម្រេចរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដោយសារការផ្គត់ផ្គង់មានស្ថិរភាព គុណភាពម្រេចល្អជាងមុន និងមានតម្លៃទាបជាងមុន។ តម្លៃម្រេចវៀតណាមជាមធ្យម បានធ្លាក់ចុះបន្តិចមកនៅត្រឹម៧ ៤៩៩ដុល្លារក្នុងមួយតោន ខណៈតម្លៃម្រេចនាំចេញរបស់ឥណ្ឌូណេស៊ីបានកើនឡើងដល់៨ ៦៩១ដុល្លារក្នុងមួយតោន។ ទីភ្នាក់ងារដដែលនេះបានបន្ថែមថា វៀតណាមក៏មានផលិតផលម្រេចច្រើនប្រភេទ សម្រាប់បំពេញតម្រូវការទីផ្សារផ្សេងៗគ្នា រួមមានម្រេចគ្រាប់ខ្មៅ សម្រាប់រោងចក្រផលិតម្ហូបអាហារ ម្រេចម៉ដ្ឋ ម្រេចស និងផលិតផលម្រេចវេចខ្ចប់សម្រាប់វិស័យភោជនីយដ្ឋាន និងលក់រាយ។ សមាគមម្រេច និងគ្រឿងទេសវៀតណាម រំពឹងថា ការនាំចេញម្រេចទៅកាន់សហរដ្ឋអាម៉េរិកនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា សមាគមបានលើកឡើងថា អាជីវកម្មម្រេចចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រកែច្នៃថែមទៀត ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់ខ្លួន ព្រមទាំងធានាសុវត្ថិភាពម្ហូបអាហារ លទ្ធភាពតាមដានប្រភពដើម និងគុណភាពផលិតផល៕ (ផាន់ អាណា)

image_2026-10-26_15-21-08
ហ្វីលីពីន នាំចូលកាកសណ្តែកសៀងពីអាម៉េរិក កាន់តែច្រើននៅឆ្នាំ២០២៧ ដើម្បីផលិតចំណីសត្វ

ម៉ានីល៖ ហ្វីលីពីននៅតែជាទីផ្សារនាំចេញកាកសណ្តែកសៀងធំបំផុតរបស់សហរដ្ឋអាម៉េរិក ហើយនឹងឈានដល់បរិមាណខ្ពស់បំផុត គឺជាង២០លានតោន នៅឆ្នាំ២០២៧ ដោយគិតជាទឹកប្រាក់ជិត៧,៤ពាន់លានដុល្លារ។ របាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា ការពង្រីកវិស័យចិញ្ចឹមសត្វរបស់ហ្វីលីពីន ជាបន្តបន្ទាប់ អាចជំរុញឱ្យតម្រូវការកាកសណ្តែកសៀងកើនឡើងបន្ថែមទៀត។ របាយការណ៍បានបន្ថែមទៀតថា នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំទីផ្សារ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ បរិមាណបញ្ជាទិញទុករបស់ហ្វីលីពីន និងមិនទាន់បានដឹកជញ្ជូន បានកើនលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជិត១២ម៉ឺនតោន គិតជាទឹកប្រមាណ៤៣លានដុល្លារ។ របាយការណ៍ដដែលបានបន្ថែមថា ផលិតកម្ម និងការនាំចេញកាកសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក កើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១។ ផលិតកម្មកាកសណ្តែកសៀងនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងដោយសារការប្រមូលផលសណ្តែកសៀងបានបរិមាណច្រើនជាងមុន ចំណែកការកិនសណ្តែកសៀងក៏មានបរិមាណខ្ពស់ និងតម្រូវការក៏ច្រើនជាមុន។ កាកសណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងក្នុងការផលិតចំណីសត្វ ដោយសារវាជាប្រភពសំខាន់នៃប្រូតេអ៊ីនច្រើននៅក្នុងរូបមន្តផ្សំចំណីសត្វ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ