មែលប៊ន៖ កសិករដាំដំណាំនៅភាគពាយ័ព្យរដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនកណ្តូបចង្រៃ ដែលអាចបង្កការខូចខាតដល់ផលដំណាំ ព្រមទាំងសម្តែងការខកចិត្តចំពោះអាជ្ញាធរអូស្ត្រាលី ដោយសារខ្វះការគាំទ្រក្នុងការទប់ស្កាត់ និងកម្ចាត់សត្វល្អិតចង្រៃទាំងនេះ។
កណ្តូបបានចាប់ផ្តើមញាស់ងច្រើន ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ដោយសារអាកាសធាតុក្តៅ និងសើមនៅតំបន់ភាគខាងជើងអូស្ត្រាលី ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការបង្កកំណើត ការកើនចំនួន និងការផ្លាស់ទីរបស់ហ្វូងសត្វកណ្តូបចង្រៃសំដៅឆ្ពោះទៅភាគខាងត្បូងថែមទៀត។
កសិករក្នុងរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ លោកបានប្រទះឃើញកណ្តូបរាប់ពាន់ក្បាលញាស់ចេញពីពង ហើយប្រមូលផ្តុំគ្នាជាហ្វូង ផ្លាស់ទីឆ្លងកាត់ដីកសិកម្មរបស់លោក និងឧទ្យានជាតិនានានៅក្បែរនោះ។
កសិករម្នាក់បាននិយាយថា «យើងកំពុងតាមកម្ចាត់កណ្តូបនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់កុំឱ្យវារីករាលដាល។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ អ្នកស្រុកកំពុងនិយាយគ្នាថា យើងអាចនឹងប្រឈមនឹងការរាតត្បាតដ៏ធំម្តងទៀត ដូចធ្លាប់កើតឡើងកាលពី១០ ឬ ១៥ឆ្នាំមុន»។
លោកបានបញ្ជាក់ថា ទោះបីជាលោកបានរាយការណ៍ជាច្រើនលើកអំពីវត្តមានកណ្តូបនៅលើដីរបស់លោក តាមរយៈកម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា ក៏ដោយ ក៏លោកមិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័ននេះនៅឡើយ។
លោកបានរិះគន់ថា «មើលទៅពួកគេបានចំណាយកម្លាំងយ៉ាងច្រើន ដើម្បីបង្ហាញថា កំពុងស្វែងរកកណ្តូប ប៉ុន្តែ តើសកម្មភាពជាក់ស្តែងនៅឯណា? តើយើងទទួលបានការគាំទ្រអ្វីខ្លះ? កសិករគ្រប់គ្នាកំពុងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ អ្វីៗមិនមែនឥតគិតថ្លៃនោះទេ។ ប្រេងម៉ាស៊ូតត្រូវចំណាយប្រាក់ ពេលវេលាក៏មានតម្លៃ ហើយការងារនេះត្រូវការកម្លាំងពលកម្មយ៉ាងច្រើន»។
កម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា បានចាប់ផ្តើមដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ស្ថាប័ននេះបានបញ្ជាក់ថា កសិករមិនគួររំពឹងថា អាជ្ញាធរនឹងចុះទៅជួយកម្ចាត់កណ្តូបនៅលើដីរបស់ពួកគេដោយផ្ទាល់នោះទេ។
ចំណែក មន្ត្រីផ្នែកសុខភាពរុក្ខជាតិ នៅរដ្ឋវិចតូរីយ៉ា បានថ្លែងថា ការទទួលខុសត្រូវលើការកម្ចាត់កណ្តូប គឺជាបន្ទុករបស់ម្ចាស់ដី ឬអ្នកគ្រប់គ្រងដី មិនថា ជាដីឯកជន ឬដីសាធារណៈឡើយ។
យោងតាមលទ្ធផលកម្មវិធីឃ្លាំមើល ចំនួនកណ្តូបនៅរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ចំនួនហ្វូងកណ្ដូបនាពេលបច្ចុប្បន្ននេះមិនទាន់ឈានដល់កម្រិតរាតត្បាតធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
កាលពីឆ្នាំ២០១០ កណ្តូបរាប់ពាន់លានក្បាល បានរាតត្បាត និងបំផ្លាញដំណាំយ៉ាងធ្ងន់ធ្ងរ ចាប់ពីរដ្ឋញូវសៅវែល (New South Wales) រហូតដល់រដ្ឋវិចតូរីយ៉ា ហើយបានរីករាលដាលទៅដល់ទីក្រុងមែលប៊ន (Melbourne) ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំកសិកម្មលើផ្ទៃដីធំៗ និងដំណាំសាកវប្បកម្ម។
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលរដ្ឋសៅអូស្ត្រាលី (South Australia) បានប្រកាសផ្តល់កញ្ចប់ថវិកាចំនួន៦,៥លានដុល្លារអូស្ត្រាលី ដើម្បីទប់ស្កាត់ការរាតត្បាតពីកណ្តូប ក្នុងនោះរួមមាន ថវិកាចំនួន៤,៦លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីសងប្រាក់ថ្លៃសារធាតុគីមីកម្ចាត់កណ្តូបជូនម្ចាស់ដី និងថវិកាចំនួន១,៩លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីរៀបចំផែនការ និងឃ្លាំមើលការរាតត្បាតរបស់កណ្តូប។ ផ្ទុយទៅវិញ នៅរដ្ឋវិចតូរីយ៉ា ពុំមានកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុបែបនេះដល់កសិករឡើយ៕ (ផាន់ អាណា)










