ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។
ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។
ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។
ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។
យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។
នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។
ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី ទំនងជាមិនបក់ចូលសមុទ្រចិនខាងត្បូងនោះទេ។ លទ្ធភាពដែលព្យុះនេះអាចធ្វើដំណើរចូលទៅដល់តំបន់ភាគឦសាននៃសមុទ្រចិនខាងត្បូង មានត្រឹមតែប្រមាណ១០ភាគរយ ទៅ២០ភាគរយប៉ុណ្ណោះ។
ចំណែកការព្យាកររបស់ទីភ្នាក់ងារឧតុនិយមជប៉ុន ចិន និងសហរដ្ឋអាម៉េរិក ក៏បានវាយតម្លៃស្របគ្នាថា ព្យុះចម្បីអាចធ្វើដំណើរទៅដល់តៃវ៉ាន់នៅជុំវិញថ្ងៃទី២៣ ខែតុលា។
ទោះបីជាព្យុះនេះទំនងជាមិនបក់ចូលសមុទ្រចិនខាងត្បូងក៏ដោយ ឥទ្ធិពលនៃចរន្តខ្យល់វិលជុំវិញព្យុះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យកម្លាំងខ្យល់នៅតំបន់ភាគខាងជើងនៃសមុទ្រនេះកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ខ្យល់មូសុងឦសាននៅតំបន់ភាគខាងជើងនៃសមុទ្រចិនខាងត្បូង ត្រូវបានរំពឹងថា នឹងបង្កើនកម្លាំងដល់កម្រិតទី៦ ទៅទី៧ ជាមួយនឹងខ្យល់កន្ត្រាក់កម្រិតទី៩ ទៅទី១០៕ (ផាន់ អាណា)







