ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្មរបស់កម្ពុជា និងសាកលវិទ្យាល័យជាតិ ហាន់គីយុង (Hankyong Korea National Univsersity) របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ដែលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ក្រោមការគាំទ្ររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីការផ្សព្វផ្សាយកសិកម្មសម្រាប់ប្រទេសកម្ពុជា និងជាផ្នែកមួយនៃគម្រោង «ការកសាងទំនាក់ទំនងចម្រុះនៃការស្រាវជ្រាវ ការអប់រំ និងការផ្សព្វផ្សាយកសិកម្ម ដែលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា» ដែលគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។
តាមរយៈភាពជាដៃគូនេះ សាកលវិទ្យាល័យទាំងពីរមានគោលបំណងពង្រីកការផ្លាស់ប្តូរបទពិសោធន៍សិក្សា អភិវឌ្ឍសមត្ថភាពបុគ្គលិកសិក្សា ជំរុញការស្រាវជ្រាវរួមគ្នា និងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍការអប់រំកសិកម្ម និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលដៅពង្រឹងការតភ្ជាប់រវាងការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ជាពិសេសតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង រំពឹងថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិ ហាន់គីយុង សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានានិរន្តរភាពនៃលទ្ធផល និងពង្រឹងភាពជាដៃគូវាងស្ថាប័នទាំងនេះក្នុងរយៈពេលវែង។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យជាតិ ហាន់គីយុងរបស់់កូរ៉េ ផ្តោតលើការសហការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។
លោកបានបន្ថែមថា កិច្ចសហការនេះក៏ផ្តោតលើការសិក្សាបទពិសោធន៍របស់កូរ៉េខាងត្បូងក្នុងការបណ្តុះបណ្តាល និងគាំទ្រអ្នកចាប់ផ្តើមប្រកបរបរផលិតកម្មកសិកម្ម ជាពិសេសកសិករវ័យក្មេង និងកសិករជាគ្រូកសិកម្មនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការផ្ទេរចំណេះដឹង ព្រមទាំងបច្ចេកទេសកសិកម្មទៅកាន់កសិករ៕















