ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។
លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។
លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។
ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។
លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។
ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។
សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។
ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ សត្វល្អិតបំផ្លាញ និងការផ្លាស់ប្តូររដូវប្រមូលផល។
ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៦ ខ្លួនអាចផលិតស្រូវបានជិត៣៥លានតោន ខណៈតម្រូវការក្នុងស្រុក មានជាង៣១លានតោន មានន័យថា ឥណ្ឌូណេស៊ី អាច សល់ស្រូវប្រហែល៤លានតោន។
សរុបសេចក្តីមក ប្រទេសឥណ្ឌូណេស៊ីកំពុងផ្លាស់ប្តូរទិសដៅពីការពង្រីកផ្ទៃដីកសិកម្មដោយកាប់បំផ្លាញព្រៃឈើ ងាកទៅប្រើប្រាស់ដីកសិកម្មលិចទឹក និងជាំទឹក ដោយសាររដ្ឋាភិបាលជឿថា ផលិតកម្មស្រូវបច្ចុប្បន្នអាចគ្រប់គ្រាន់សម្រាប់តម្រូវការអង្ករក្នុងប្រទេស រួចស្រេចទៅហើយ៕ (ផាន់ អាណា)







