សាច់គោជប៉ុន នៅវៀតណាម ផលិតពីសាច់ក្របីឥណ្ឌា, ឈ្មួញខិលខូចជាប់គុកជាបន្តបន្ទាប់

image_2026-10-01_16-00-11

ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២៥ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានវៀតណាម​ បានចេញផ្សាយរឿងអាស្រូវជាហូរហែពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសវៀត ជាពិសេសតាមបណ្តាខេត្តក្បែរៗទីក្រុងហាណូយ។

រឿងអាស្រូវទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រើសារធាតុគីមីហាមឃាត់នៅលើផលិតចំណីអាហារ ជាផលិតផលស្រស់ៗ មានបន្លែផ្លែឈើ ដូចជាសណ្តែកបណ្ដុះ ស្ពៃ ផ្លែទុរេន ផលិតសាច់ ដូចជាសាច់គោ សាច់ក្របី ឬសាច់ជ្រូកងាប់ដោយសារជំងឺប៉េសជ្រូកជាដើម។

យោងតាមសារព័ត៌តវៀតណាម អំពើខុសច្បាប់បែបនោះ​ប្រព្រឹត្តិដោយជនជាតិវៀតណាម មានមុខរបរជាពាណិជ្ជករ អាជីវករ​ កសិករ រហូតតារាល្បីល្បាញលើបណ្តាញទំនាក់ទំនងសង្គមថែមទៀត ហើយត្រូវសមត្ថកិច្ចវៀតណាមបង្ក្រាបបានជាបន្តបន្ទាប់។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សារព័ត៌មានវៀតណាម ឈ្មោះ ហ្សឹនជី (DANTRI) បានចេញផ្សាយអំពីតារាល្បីល្បាញលើហ្វេសប៊ុក និងពូកែខាងបរិភោគសាច់ឆ្កែអួតគេ ត្រូវនគរបាលវៀតណាមចាប់ខ្លួន ពីបទបំពាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហាររបស់វៀតណាម។

នគរបាលខេត្តឡៅកាយ (Lao Cai) មានព្រំប្រទល់ជាប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ វូ ហួងហាយ (Vu Hoang Hai) ដែលតែងតែលេចមុខលើគណនីហ្វេសប៊ុក ឈ្មោះ សាប៉ា ធីវី “Sapa TV” ពីបទឧក្រិដ្ឋក្លែងបន្លំអតិថិជន ដោយយកងៀតសាច់ក្របីឥណ្ឌាថា ជា”ងៀតសាច់ក្របីពិសេ” មកពីភូមិភាគពាយព្យនៃប្រទេសវៀតណាម ហើយលក់ក្នុងតម្លៃថោក ​ត្រឹមតែ ៦៥ ០០០ដុង ឬស្មើនឹង១០ ០០០រៀល ក្នុងមួយគីឡូក្រាម។

ចំណែកប្រពន្ធរបស់គាត់ គឺនាយកក្រុមហ៊ុនបោកប្រាសើលក់សាច់ក្របីខុសច្បាប់ ក៏ត្រូវតុលាការវៀតណាមចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារផងដែរ។

ករណីសាច់ក្របីនេះដែរ បណ្តាញព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាតថា សាច់ក្របីនាំចូលពីប្រទេសឥណ្ឌា កំពុងបង្កើត «អព្ភូតហេតុក្រឡាប់ចាក់» នៅបណ្តាខេត្តក្បែរៗគ្នានោះ ក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសវៀតណាម។

ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥មក ជនសង្ស័យរូបនេះបានទិញសាច់ក្របីកកប្រហែល១៣០តោន ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ក្នុងតម្លៃប្រហែល៦សែនដុល្លារ ដើម្បីកែច្នៃជាងៀតសាច់គោ បានប្រហែល៦៥តោន ដោយលក់ក្នុងតម្លៃជាមធ្យម១៣ដុល្លារ ក្នុងមួយគីឡូក្រាម។

ក្រោយមកនៅក្នុងខែសីហា ឆ្នាំ២០២៥ នៅខេត្តភូថូ នគរបាលវៀតណាមក៏បានបង្ក្រាបករណីក្រុមហ៊ុនផលិតចំណីអាហារមួយទៀត ពីបទល្មើសដូចគ្នា បន្ទាប់ពីអាជ្ញាធរវៀតណាមរកឃើញរោងចក្រកែច្នែងៀតសាច់ក្របីរាប់រយតោន។

ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់សាច់ក្របី និងផលិតផលសាច់ធំជាងគេទៅកាន់ប្រទេសវៀតណាម ហើយសាច់ក្របីភាគច្រើន ត្រូវឈ្មួញវៀតណាមមួយចំនួន នៅក្នុងតំបន់ក្បែរៗទីក្រុងហាណៅយ កែច្នៃជាសាច់គោជប៉ុនផងដែរ។

នៅឆ្នាំ២០២៣ វៀតណាមបាននាំចូលសាច់ក្របីប្រហែលជាង១៣ម៉ឺនតោន។  នៅឆ្នាំ២០២៤ ជាង១៩ម៉ឺនតោន។ នៅឆ្នាំ២០២៥ ជិត១៩ម៉ឺនតោន ដែលមានតម្លៃជាង៦៨១លានដុល្លារ។

កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ បានចាប់ខ្លួនឈ្មួញវៀតណាមទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។

នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

សាច់គោជប៉ុនផលិតពីសាច់ក្របីឥណ្ឌា ដោយការចាក់បញ្ចូលសារធាតុគីមីបង្កើតជាសាច់មានជាប់ខ្លាញ់ គឺលក់ក្នុងតម្លៃ ១២០ ០០០ដុង ឬស្មើនឹង៤,៧ដុល្លារ ក្នុងមួយគីឡូក្រាម៕ (ផាន់ អាណា)


image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

image_2026-10-01_13-26-35
គ្រោះទឹកជំនន់នៅថៃ ធ្វើឱ្យអ្នកបាងកកសម្រុកទិញទំនិញ បន្លែបង្ការស្ទើរគ្មានសល់ ព្រោះភ័យពេក

បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។ នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ​ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។ បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។ បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។ ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា​ កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។ នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។ អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ […]

កាលវិភាគផ្សព្វផ្សាយ