ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។
តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។
ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។
ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។
ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធលើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។
ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ ការលើកកម្ពស់តម្លាភាព ព្រមទាំងការឆ្លើយតបទៅនឹងក្តីបារម្ភរបស់សហគ្រាស។
ការជ្រើសរើសផលិតផលរបស់ចិនសម្រាប់កាត់បន្ថយពន្ធគយ ហាក់ដូចជាត្រូវបានរៀបចំឡើង ដើម្បីជួយឱ្យទីក្រុងប៉េកាំងបំពេញតាមការប្តេជ្ញាចិត្ត ដែលមន្ត្រីសេតវិមានអាម៉េរិកបានលើកឡើងថា ចិននឹងទិញផលិតផលកសិកម្មអាម៉េរិក មានតម្លៃ១៧ពាន់លានដុល្លារ៕ (ផាន់ អាណា)







