ដាកា៖ ប្រទេសបង់ក្លាដែស កំពុងប្រឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីតាលី ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពលើវិស័យជលផល និងការចិញ្ចឹមសត្វ ដោយផ្តោតលើវារីវប្បកម្ម ការផលិតបសុសត្វ ជលផលសមុទ្រ និងសេដ្ឋកិច្ចបៃតង។
លោក ស៊ុងតង់ សាឡូឌីន ទូគូ (Sultan Salauddin Tuku) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យជលផល និងបសុសត្វ បានបង្ហាញចំណាប់អារម្មណ៍បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ល្វីហ្គី ដេរ៉ាម៉ូ (Luigi D’Eramo) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខាប្រមាញ់របស់អ៊ីតាលី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងរ៉ូម។
ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យជលផល និងបសុសត្វ ក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការងារ និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែស លោក ស៊ុងតង់ សាឡូឌីន ទូគូ បានប្រាប់គូសន្ទនាថា អ្នកចិញ្ចឹមត្រី និងអ្នកចិញ្ចឹមសត្វ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី «ប័ណ្ណកសិករ» (Farmer Card) នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីរដ្ឋបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្អែកលើបច្ចេកវិទ្យាថ្មីៗ។
លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការជាមួយអ៊ីតាលី កាន់តែពង្រីកពង្រឹងបន្ថែមទៀត តាមរយៈការផ្ទេរបច្ចេកវិទ្យាទំនើប ការស្រាវជ្រាវ ការបណ្តុះបណ្តាលជំនាញឯកទេស និងការផ្លាស់ប្តូរចំណេះដឹង៕ (ផាន់ អាណា)







