ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។
ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។
រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។
រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែងរបស់ហ្វីលីពីន។
ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។
ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)










