ញូវដេលី៖ កសិករចិញ្ចឹមបង្គានៅរដ្ឋអន្តរប្រទេស (Andra Pradesh) របស់ឥណ្ឌា បានគំរាមផ្អាកការចិញ្ចឹមបង្គា ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំក្រោយនេះ ប្រសិនបើរដ្ឋាភិបាលមិនព្រមជួយដោះស្រាយបញ្ហារបស់ពួកគាត់ ពាក់ព័ន្ធនឹងការកើនឡើងថ្លៃដើមផលិត និងការធ្លាក់ចុះតម្លៃបង្គាលក់នៅលើទីផ្សារ។
សមាគមកសិករវារីវប្បកម្ម នៅក្នុងរដ្ឋអន្តរប្រទេស បានឯកភាពលើវិធានការផ្អាកការចិញ្ចឹមនេះ នៅក្នុងកិច្ចប្រជុំជាមួយកសិករស្រុកជាច្រើនក្រុម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា។
ប្រធានសមាគមកសិករវារីវប្បកម្ម រដ្ឋអន្តរប្រទេស បាននិយាយថា តម្លៃចំណីបង្គា ថ្នាំការពារ និងព្យាបាល ព្រមទាំងធាតុចូលផ្សេងៗសម្រាប់ការចិញ្ចឹមបានកើនឡើងយ៉ាងខ្លាំង ដែលបញ្ហាទាំងនេះកំពុងដាក់សម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងលើកសិករ ស្របពេលតម្លៃបង្គាបានធ្លាក់ចុះខ្លាំងពេក។
សមាគមបានអំពាវនាវឱ្យរដ្ឋាភិបាលកំណត់ តម្លៃគាំទ្រអប្បបរមាសម្រាប់បង្គា ហើយស្នើឱ្យរដ្ឋាភិបាលចាត់វិធានការកាត់បន្ថយថ្លៃដើមចិញ្ចឹម។ លើសពីនេះ សមាគមក៏បានអំពាវនាវដល់ក្រុមហ៊ុនផលិតចំណីបង្គា ឱ្យបញ្ចុះតម្លៃចំណីផងដែរ។
សមាគមបានបញ្ជាក់ថា កសិករនឹងផ្អាកការចិញ្ចឹមបង្គារយៈពេល ៣ ខែ ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយតាមការទាមទាររបស់ពួកគាត់ នៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦នេះ។
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ តុលាការជាន់ខ្ពស់របស់រដ្ឋអន្តរប្រទេស បានចេញបង្គាប់បណ្ដោះអាសន្នមួយ ឱ្យផ្អាកការដំឡើងតម្លៃចំណីបង្គា ដោយបង្គាប់ឱ្យសមាគមក្រុមហ៊ុនផលិតចំណីបង្គា និងក្រុមហ៊ុនពាក់ព័ន្ធ ផ្សេងទៀតបន្តរក្សាតម្លៃចំណីឱ្យសមស្របតាមតម្លៃ ដែលបានកំណត់របស់រដ្ឋាភិបាល។
សេចក្តីបង្គាប់បណ្ដោះអាសន្ននេះ បានចេញបន្ទាប់ពីមានពាក្យបណ្ដឹងជំទាស់នឹងការដំឡើងតម្លៃចំណីចំនួន៩ ០០០ រូពីឥណ្ឌា ឬប្រហែល៩៤ដុល្លារ ក្នុងមួយតោន សម្រាប់ចំណីបង្គាធម្មតា និងឡើងថ្លៃដល់១២ ០០០រូពី ឬប្រហែល១២៦ដុល្លារ ក្នុងមួយតោន សម្រាប់ចំណីបង្គាខ្លឹង។
អ្នកដាក់ពាក្យបណ្ដឹងបានអះអាងថា តាមច្បាប់ស្ដីពី អាជ្ញាធរអភិវឌ្ឍវារីវប្បកម្មរដ្ឋអន្តរប្រទេស ឆ្នាំ២០២០ ការកំណត់តម្លៃចំណីវារីវប្បកម្ម កូនពូជ និងធាតុចូលផ្សេងៗ សម្រាប់ការចិញ្ចឹម គឺស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរ៕ (ផាន់ អាណា)







