ហាណូយ៖ វៀតណាមកំពុងបង្កាត់ពូជគោក្នុងស្រុក ដើម្បីប្រកួតប្រជែងគុណភាពសាច់ជាមួយពូជគោរបស់កូរ៉េ និងពូជគោរបស់ជប៉ុន ដែលល្បីល្បាញនៅលើពិភពលោក។
មន្ត្រីជាន់ខ្ពស់ជំនាញផ្នែកផលិតកម្មសត្វរបស់វៀតណាម បាននិយាយថា គម្រោងបង្កាត់ពូជគោថ្មីនេះ គឺត្រូវធ្វើឡើងដោយការអភិវឌ្ឍហ្សែនរបស់ពូជគោក្នុងស្រុក វៀតណាមហៅថា គោហ្មុង (Hmong) ដែលត្រូវបានចិញ្ចឹមដោយជនជាតិភាគតិចមួង រស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម។
ពូជគោហ្មុងនេះ ក៏ជាពូជគោក្នុងស្រុករបស់ប្រទេសកម្ពុជាផងដែរ ដែលខ្មែរនិយមហៅថា គោកណ្ដុរកន្លាត ឬគោលឿង ភាសាវិទ្យាសាស្ត្រហៅថា ប៊ូស អាំងឌីគូស (Bos Indicus)។ ពូជគោប្រភេទនេះ មានបូសខ្នងតូច កម្ពស់ទាប ស្នែងខ្លី និងមានរោមពណ៌លឿង ដែលមានទម្ងន់ច្រើនបំផុតរង្វង់៣០០គីឡូក្រាម ក្នុងមួយក្បាល។
លោក ផាម គឹមសាង (Pham Kim Dang) អគ្គនាយករងទទួលបន្ទុកផលិតកម្មបសុសត្វ និងសុខភាពសត្វរបស់វៀតណាម បាននិយាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិលើពូជគោហ្មុង រួមមានលក្ខណៈហ្សែន ទំហំរាងកាយ និងស្ថានភាពរូបរាង បង្ហាញថា ពូជគោនេះមានសក្តានុពលខ្ពស់សម្រាប់ផលិតសាច់គោឱ្យមានគុណភាពខ្ពស់ ប្រហាក់ប្រហែលសាច់គោកូរ៉េ ពូជហាន់វូ (Hanwoo) និងសាច់គោជប៉ុន ពូជវ៉ែគ្យូ (Wagyu) ឬកូបេ (Kobe)។
លោកបានប្រកាសផែនការដាក់ឲ្យប្រើប្រព័ន្ធវាយតម្លៃគុណភាពសាច់គោ តាមគំរូប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដោយផ្លាស់ប្តូរពីការចិញ្ចឹមផ្អែកលើបទពិសោធន៍ ទៅជាការគ្រប់គ្រងការបង្កាត់ពូជ និងអាហារូបត្ថម្ភដោយប្រើបច្ចេកវិទ្យា។ បច្ចុប្បន្ន សាច់គោហ្មុងនៅលើទីផ្សារមួយចំនួនក្នុងប្រទេសវៀតណាម មានតម្លៃប្រមាណ១,២លានដុង ឬស្មើនឹង៤៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយក្រសួងកសិកម្ម និងបរិស្ថាន វៀតណាមក៏កំពុងសិក្សាលទ្ធភាពបង្កើតម៉ាកសាច់គោ សម្គាល់របស់ជាតិ ដើម្បីបង្កើនតម្លៃក្នុងវិស័យផលិតកម្មសត្វ៕ (ផាន់ អាណា)







