វៀតណាម និងហ្វីលីពីនបានសម្រុកនាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីល ដោយសារតែកង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និងក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។
ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។
ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុងបរិមាណច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។
តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹងឆ្នាំ២០២៥។
សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។
សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។
នៅឯហ្វីលីពីនវិញ គឺបាននាំចូលផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំនេះ ហើយបើនិយាយពីការនាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។
របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)










