ដោយ ហៃ ស៊ីណា
កំពង់ស្ពឺ៖ ដំណាំស្រូវជាង៣ម៉ឺនហិកតា ក្រុងស្រុកចំនួន៧ នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត បណ្ដាលមកពីខ្វះប្រភពទឺក ហើយភ្លៀងធ្លាក់នៅមានតិចតួចនៅឡើយ។
ក្នុងនោះស្រូវដែលខូចទាំងស្រុងលែងអាចសង្គ្រោះបាន គឺមាន១៥៦ហិកតា ខណៈពេលភាពរាំងស្ងួតកំពុងតែប៉ះពាល់មកលើស្រុកចំនួន៧ក្នុងចំណោមស្រុកទាំង៩ របស់ខេត្តកំពង់ស្ពឺ។
ខេត្តកំពង់ស្ពឺមានផែនការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ លើផ្ទៃដីចំនួនជាង១២ម៉ឺនហិកតា ដោយរំពឹងទទួលទិន្នផលបានជាង៤០ម៉ឺនតោន។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ស្ថានភាពរាំងស្ងួតនៅខេត្តកំពង់ស្ពឺ អូសបន្លាយពេលយូរធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ ហើយប្រភពទឹកនៅក្នុងខេត្តនេះមានតិចតួចសម្រាប់ជួយសង្រ្គោះ។
ទោះជាយ៉ាងណា នៅចុងខែសីហានេះ មានភ្លៀងខ្សោយស្ទើរគ្រប់ឃុំ សង្កាត់ និងស្រុក ដែលបានប្រែស្ថានភាពស្រូវពីស្វិតមកខៀវខ្លះៗ ប៉ុន្តែមិនទាន់មានទឹកក្នុងស្រែនៅឡើយទេ។
ស្រុកដែលស្ថិតក្នុងក្ដីបារម្ភខ្លាំងជាងគេ មានចំនួនបី នៅប៉ែកខាងជើងខេត្ត គឺទី១ ស្រុកថ្ពង ទី២ស្រុកសាមគ្គីមុនីជ័យ និងទី៣ នៅក្រុងឧដុង្គម៉ែជ័យ ដែលមិនទាន់ទទួលបានទឹកភ្លៀងនៅឡើយទេ។
អាជ្ញាធរខេត្តបញ្ជាក់ថា កូនរដូវប្រាំងបានបន្តអូសបន្លាយ និងកំពុងបង្កផលប៉ះពាល់ទៅដល់ដំណាំស្រូវកសិករយើង ហើយមន្រ្តីយើង និងមន្ទីរធនធានទឹក កំពុងមមាញឹកក្នុងការជួយអន្តរាគមន៍នាំទឹកទៅជួយសង្គ្រោះស្រូវកសិករ។
ដំណាំស្រូវពលរដ្ឋនៅក្នុងស្រុក ក្រុង ចំនួន៧ នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ក្នុងនោះមានក្រុងច្បារមន ចំនួន៦៦ហិកតា ស្រុកបសេដ្ឋ ចំនួន៤ ៦២៣ហិកតា រីឯចំនួន១៥៦ហិកតា កំពុងស្តារឡើងវិញ ស្រុកគងពិសី ចំនួន៩៩០៨ហិកតា ស្រុកឱរ៉ាល់ ចំនួន៧៩៣ហិកតា ស្រុកសំរោងទង ចំនួន៥ ៧២៩ហិកតា ស្រុកថ្ពង ចំនួន២ ២០៤ហិកតា និងស្រុកសាមគ្គីមុនីជ័យ ចំនួន៩១២៨ហិកតា។
បច្ចុប្បន្នមន្ទីរជំនាញបានបើកប្រតិបត្តិការដាក់ម៉ាស៊ីនបូមនាំទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង ដើម្បីបញ្ជូនទឹកទៅស្រុកសំរោងទង ក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកគងពិសី។ ចំពោះប្រឡាយមេរលាំងជ្រៃខាងជើងបញ្ជូនទឹកទៅផ្នែកខ្លះនៃស្រុកសំរោងទង និងក្រុងច្បារមន ហើយក្នុងនោះប្រភពទឹកនៃស្ទឹងតូច និងស្ទឹងព្រែកត្នោត ក៏បាននិងកំពុងបូមទៅសង្គ្រោះស្រូវ ដែលរងផលបះពាល់នៅក្បែរៗនោះផងដែរ៕










