ដោយ ឡុង សារេត
ភ្នំពេញ៖ ស្របពេលសហគ្រាសក្នុងស្រុកក្លាយជាចលករសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច នៅក្រុងភ្នំពេញមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ៦ ៨០០មូលដ្ឋាន និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណ១២ម៉ឺននាក់ ខណៈពេលសហគ្រាសនៅទូទាំងប្រទេស មានប្រមាណ៧៥ម៉ឺនកន្លែង។
លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលថ្មីៗនេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តផ្តល់សេវាចុះបញ្ជីពិនិត្យគុណភាពទំនិញ ស្វែងរកទីផ្សារ សម្របសម្រួល និងការលើកលែងលិខិតមួយចំនួនឱ្យម្ចាស់អាជីវកម្ម មានភាពងាយស្រួល និងត្រៀមបង្កើតសេវាចុះបញ្ជីនៅកន្លែងតែមួយជូនម្ចាស់សហគ្រាសក្នុងស្រុក។
លោកជំទាវបានមានប្រសាសន៍ថា “សម្រាប់រាជធានីភ្នំពេញ បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ យើងមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៦ ៨១៦មូលដ្ឋាន ហើយកំម្លាំងពលកម្ម ដែលបម្រើដល់មូលដ្ឋានមានប្រហែល១២ម៉ឺននាក់ ហើយថ្លៃសរុបមានប្រមាណ៥៤ម៉ឺនដុល្លារ។ តែបើយើងមើលទៅការជំរឿនសេដ្ឋកិច្ច កាលឆ្នាំ២០២២ទំហំប្រាក់ចំណូល ដែលបានមកពីសហគ្រាសមីក្រូ តូច និងមធ្យម សម្រាប់រាជធានីភ្នំពេញ មានប្រមាណពីរម៉ឺនដុល្លារដុល្លារ។ អ៊ីចឹងច្រើន បើយើងប្រៀបធៀប ពីឆ្នាំ២០២២មកដល់សព្វថ្ងៃនេះ ខ្ញុំគិតថា វាមានសន្ទុះកើនឡើង”។
លោកជំទាវបានបន្តទៀថា បើយោងតាមជំរឿនសេដ្ឋកិច្ច កាលពីឆ្នាំ២០២២ មូលដ្ឋានសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ៧៥ម៉ឺនមូលដ្ឋាន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០១១ គឺកើនឡើងជិត៥០ភាគរយ ហើយក្នុងចំណោមសហគ្រាសសរុប គឺមានសហគ្រាសធុនតូច និងមធ្យម ប្រហែល៦០ម៉ឺនមូលដ្ឋាន ឬស្មើប្រមាណ៨២ភាគរយ នៃមូលដ្ឋានសេដ្ឋកិច្ចសរុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មូលដ្ឋានសេដ្ឋកិច្ចនៅក្រុងភ្នំពេញប្រៀបធៀបនៅទូទាំងប្រទេស ភ្នំពេញមានប្រមាណ២០ភាគរយ ហើយបើគិតពីទំហំសេដ្ឋកិច្ចក្រុងភ្នំពេញ ដែលទទួលបានចុងក្រោយ មានប្រមាណមួយម៉ឺនលានដុល្លារ ឬស្មើប្រមាណ១ភាគ៣នៃសេដ្ឋកិច្ចរបស់កម្ពុជាជា។
ចំណែកលោក លាង ឡេង អគ្គនាយកប្រតិបត្តិសហគ្រាស លាង ឡេង ដែលជាអ្នកផលិតគ្រឿងទេស បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសរបស់លោកបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុក បានជាង៤០នាក់ ក្រោយពីបានបង្កើតឡើងនៅឆ្នាំ២០១១។
លោកបានមានប្រសាសន៍ថា ក្រៅពីផ្តល់ការងារដល់ពលរដ្ឋក្នុងស្រុកមានការងារធ្វើ ម្ចាស់អាជីវកម្មខ្នាតតូចក៏ទទួលបានប្រាក់ចំណូលពីការលក់គ្រឿងទេស ជួយដល់កសិករឱ្យមានទីផ្សារផងដែរ។ សហគ្រាស លាង ឡេង បានប្រមូលទិញនូវវត្ថុធាតុដើមពីកសិករនៅតាមតំបន់ជាច្រើន មានដូចជាត្រី អំបិល ម្ទេស ប៉េងបោះ និងសណ្តែកសៀង។
នៅពេលនេះ សហគ្រាសកំពុងសកម្មលើការផលិតគ្រឿងទេសសម្រាប់ផ្គត់ផ្គង់ដល់ផ្ទះបាយរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបានសំណូមពរដល់អ្នកប្រើប្រាស់ឱ្យបន្តគ្រាំទ្រផលិតផលស្រុក និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសកែច្នៃ និងផលិតនូវផលិតផលផ្តោតសំខាន់ទៅលើគុណភាព៕







