កូរ៉េ៖ អាជ្ញាធរចិនកំពុងញាប់ដៃញាប់ជើងចាតិវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស បន្ទាប់ពីអ្នកលក់ស្ពៃបូគោនៅភាគខាងជើងប្រទេសចិន បានជ្រលក់ថ្នាំហ្វ័រម៉ូល កុំឱ្យបន្លែឆាប់រលួយពេក ដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ័យអំពីសុខភាព ក្រោយបរិភោគស្ពៃបូគោ និងគីមជី នាំចូលពីប្រទេសចិន។
សារធាតុ ហ្វ័រម៉ាល់ដេអីដ (Formaldehyde) ឬហៅខ្មែរដឹងជាទូទៅថា ជាហ្វ័រម៉ុលសម្រាប់ចាក់សាកសពមនុស្ស កុំឱ្យស្អុយ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុមទី១ ដូច្នេះបើសារធាតុនេះចូលតាមចំណីអាហារ វាអាចស្រូបចូលតាមប្រព័ន្ធរំលាយអាហារ។ ចំណែកផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ អាចបង្កឱ្យមនុស្សក្អួតចង្អោរ ឈឺពោះ រលាក ឬខូចស្រទាប់ក្រពះ និងបំពង់អាហារ ព្រមទាំងអាចហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ។ ប្រសិនបើធ្ងន់ធ្ងរ វាអាចធ្វើមនុស្សមានបញ្ហាផ្លូវដង្ហើម និងអាចបង្កឱ្យស្ថានភាពអាស៊ីតក្នុងឈាមកើនឡើង និងខូចតម្រងនោម។
រដ្ឋបាលគ្រប់គ្រងទីផ្សាររបស់ចិន បាននិយាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ខ្លួនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត និងចាត់វិធានការយ៉ាងឆាប់រហ័សចំពោះការប្រើប្រាស់សារធាតុ ហ្វ័រម៉ុល លើស្ពៃបូគោ នៅក្នុងខេត្តហឺប៉ី (Hebei) នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ។
ការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រុមប្រឹក្សារដ្ឋរបស់ចិន កំពុងសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង ដើម្បីតាមរកអ្នកចែកចាយស្ពៃបូគោ និងទប់ស្កាត់មិនឱ្យចូលទៅក្នុងទីផ្សារ។
អាជ្ញាធរចិន ក៏បានបញ្ជាឱ្យយកសំណាកបន្លែ និងត្រួតពិនិត្យទីផ្សារនៅទូទាំងប្រទេស ដោយផ្តោតសំខាន់លើស្ពៃបូគោ ដែលប្រជាជនកូរ៉េពេញនិយមកែច្នៃធ្វើជាជ្រក់ គីមជី។ ជ្រក់ គីមជី នៅក្នុងទីផ្សារកូរ៉េខាងត្បូងមួយចំនួនត្រូវបាននាំចូលពីប្រទេសចិន ព្រោះវាមានតម្លៃថោកជាង គីមជី ផលិតក្នុងស្រុក។
ករណីនេះត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីគណនីមួយនៅលើបណ្ដាញសង្គម ទូយិន (Douyin) ដែលជាបណ្តាញសង្គមដ៏ពេញនិយមរបស់ចិនស្រដៀងនឹង ទីកតុក (TikTok) បានបង្ហោះឃ្លីបវីដេអូមួយ ដែលថតនៅកសិដ្ឋានដាំស្ពៃបូគោមួយកន្លែង ក្នុងខេត្តហឺប៉ី ស្ថិតនៅក្បែរទីក្រុងប៉េកាំង។
វីដេអូនោះបង្ហាញពីពួកកម្មករកំពុងយកស្ពៃបូគោម្តងមួយៗ ជ្រលក់ចូលក្នុងធុងមានសារធាតុរាវម្យ៉ាង មុនពេលលើកដាក់លើរថយន្តសម្រាប់ដឹកចេញទៅកាន់ទីផ្សារ។ ធុងមានសរសេរអក្សរចិន ដែលបកប្រែជាភាសាអង់គ្លេសថា សារធាតុហ្វ័រម៉ាដេអីដ “Formaldehyde Solution” ខ្មែរហៅថា ហ្វ័រម៉ុល ក៏ឃើញនៅក្បែរនោះផងដែរ។ ចំណែកមនុស្សម្នាក់ទៀត នៅទីតាំងនោះបាននិយាយក្នុងឃ្លីបវីដេអូថា ការជ្រលក់បែបនេះអាចធ្វឱ្យស្ពៃបូគោនៅស្រស់បានរហូតពីរទៅបីថ្ងៃ។
មន្ត្រីសាលាខេត្តហឺប៉ី បាននិយាយថា ការស៊ើបអង្កេតបឋមបានបញ្ជាក់ថា សម្តីលើកឡើងនៅក្នុងឃ្លីបវីដេអូនោះ គឺជាការពិត។ វាជាទង្វើខុសច្បាប់របស់ទិញទៅលក់បន្ត ដោយចង់ឱ្យស្ពៃបូគោនៅស្រស់បានយូរ ហើយអាជ្ញាធរសន្តិសុខសាធារណៈបានចាត់វិធានការ និងកំពុងបន្តស៊ើបអង្កេតករណីនេះ។
ចាប់តាំងពីពេលនោះមក ក្តីបារម្ភបានរាលដាលពាសពេញវិស័យចែកចាយផលិតផលកសិកម្មរបស់ប្រទេសចិន។ ចំណែកអាជ្ញាធរ នៅក្នុងទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃទី២៣ ខែកក្ដដា ដែរថា ផ្សារស៊ីនហ្វាទី (Xinfadi) ដែលជាផ្សារលក់ដុំផលិតផលកសិកម្មធំបំផុតរបស់ទីក្រុងប៉េកាំង ត្រូវបានត្រួតពិនិត្យយ៉ាងតឹងតែងបំផុតលើការផ្គត់ផ្គង់ស្ពែបូគោ ប៉ុន្តែរកមិនឃើញស្ពៃបូគោជ្រលក់ហ្វ័រម៉ុល នៅក្នុងផ្សារនេះទេ។
នៅមិនទាន់ច្បាស់ថា ស្ពៃបូគោជ្រលក់ហ្វ័រម៉ុលនេះ ត្រូវបានចែកចាយដល់ណាខ្លះទេ នៅក្នុងប្រទេសចិន ឬថាតើមានស្ពៃបូគោប៉ុន្មានត្រូវបាននាំចេញទៅក្រៅប្រទេស រួមទាំងទៅកូរ៉េខាងត្បូងនោះទេ៕ (ផាន់ អាណា)










