តំណាងធនាគារ​ ARDB អញ្ជើញ​ចូលរួម​ក្នុងវេទិកា​ធុរកិច្ច​ និង​នវានុវត្តន៍​ឆ្នាំ​២០២៦​

IMG_7124 (2)

ដោយ ឡុង សារេត​

ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពង់ពី​ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​( ARDB) នៅរសៀលថ្ងៃទី​២៦​ ខែសីហា ឆ្នាំ​២០២៦នេះ លោក គិត ខេមរារិទ្ធ​ ប្រធាន​នាយកដ្ឋាន​ផ្នែកលក់ និងទីផ្សារ​ និងសហការី បានអញ្ជើញ​ចូលរួម​​ក្នុង​កម្មវិធីវេទិកាធុរកិច្ច​ និង​នវានុវត្តន៍​ ឆ្នាំ​២០២៦​ ដែលរៀបចំ​ដោយ​សភាពាណិជ្ជកម្មកម្ពុជា​។​

វេទិកានេះធ្វើឡើងនៅ​មណ្ឌល​សន្និបាត​ អូស៊ីអាយស៊ី​ ជ្រោយចង្វារ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​ប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័តភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​ សម្រាប់កម្ពុជា​ រួមនិងភ្ញៀវកិក្តិយស​ផ្សេងទៀតប្រមាណ​៥០០នាក់​​។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ បានមានប្រសាសន៍ថា លទ្ធផលទទួលបានពីការរៀបចំ​វេទិកា​ធុរកិច្ច​ និងនវានុវត្តន៍ ​កាលពីឆ្នាំ​២០២៥កន្លងទៅ​ បានក្លាយទៅជាបទពិសោធន៍​ដ៏ល្អសម្រាប់ម្ចាស់អាជីវកម្ម​យកទៅកែលម្អ​អាជីវកម្មរបស់ខ្លួន​ និងអនុវត្តបានចំគោលដៅ​សំដៅកាត់បន្ថយហានិភ័យ​ និងសម្រេចបានការវិវត្តន៍​សេដ្ឋកិច្ចទាំង​នៅក្នុងក្រុមហ៊ុន​ ក្នុងតំបន់ និងសកលលោក​។

​ឧកញ៉ាបន្តទៀតថា វេទិកាធុរកិច្ច និងនវានុវត្តន៍​ ឆ្នាំ​២០២៦នេះ​ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ​ គឺក្នុងគោលបំណង​ចែករំលែកនូវព័ត៌មានថ្មី​ៗ​ ស្តីពីការប្រែប្រួល​រចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ដែលកំពុងទទួលរងឥទ្ធិពល​អវិជ្ជមានជាច្រើន​ បណ្តាលមកពីភាព​តានតឹង​ផ្នែកភូមិសាស្ត្រនយោបាយ​ សង្គ្រាមនៅមជ្ឈឹមបូព៌ា​ សង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រេន​។ ស្ថានភាព​តានតឹងនៅតាមបណ្តោ​យព្រំដែន​កម្ពុជាថៃ ដែលបានបង្ក​ការលំបាកជាច្រើន​ដល់សកម្មភាព​ពាណិជ្ជកម្ម​ និងអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា​ប្រទេសជាច្រើនផ្សេងទៀតនៅលើសកលលោក​។​

​ក្នុងឱសនេះដែរ​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ​ក៏បាន​លើកឡើង​ពី​គោលបំណង​នៃការរៀបចំវេទិកា​ធុរកិច្ច និងនវានុវត្តន៍​មានដូចជា បញ្ហានវានុវត្តន៍, បញ្ហាសង្គ្រាម​រវាង​រុស្ស៊ី -អ៊ុយក្រេន, បញ្ហាពាក់ព័ន្ធនូវមជ្ឈឹមបូព៌ា​ ដែលកំពុងឡើងកម្ដៅទាក់ទងបញ្ហាប្រេង ​និងជីគីមី​ និងចំណុចមួយផ្សេងទៀត​ពាក់ព័ន្ធបញ្ហាព្រំដែន​កម្ពុជា ​ដែលកំពុង​មានបញ្ហាធ្វើឱ្យការដឹកជញ្ជូន​​ឡើងថ្លៃ។ ទន្ទឹមនឹងនេះ​​​រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង​បញ្ហា​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ​​ឬ Online Scam​s ​ដើម្បី​កម្ពុជាមានភាពស្អាតស្អំ​ សម្រាប់ឱ្យកម្ពុជាងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគ​ពីប្រទេសនានា​ផងដែរ។​

​សូមជម្រាបជូនផងដែរថា ក្នុងវេទិកា​ធុរកិច្ច និងនវានុវត្តន៍​ ក៏មានកិច្ចពិភាក្សា​ផ្តោតលើប្រធានបទ ការបង្កើន​ប្រសិទ្ធភាព​វិស័យដឹកជញ្ជូន​ និងភស្តុភាកម្ម​សម្រាប់ការប្រកួតប្រជែង​ក្នុងពាណិជ្ជកម្ម​សកល​ ដែលមាន​វាគ្មិនកិត្តិយសចូលរួម​ពីលោក JOHN GUIRY នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវ៉េ​, អ្នកឧកញ៉ាបណ្ឌិត សូរ វីរៈ នាយកប្រតិបត្តិ​ និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​ វីរៈ ប៊ុនថាំ​ អេចប្រេស​, ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគម​ភស្តុភា​រកម្ពុជា និងឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី នាយកក្រុមហ៊ុន​ ឡាញហល​ អេចប្រេស​៕


image_2026-08-26_15-24-05
ត្រីអណ្ដែង​ពូជថៃ៣៦តោន​ ត្រូវបានឥណ្ឌាបំផ្លាញ​ ព្រោះជាប្រភពមេរោគមហារីក

ឥណ្ឌា៖ ត្រីអណ្ដែង​ពូជ​ថៃ ចំនួន៣៦តោន ត្រូវបានអាជ្ញាធរ​ប្រទេស​ឥណ្ឌា​បំផ្លាញចោល ព្រោះជា​ពូជត្រី​ដែលគេ​ហាម​មិន​ឲ្យចិញ្ចឹម និងជា​ប្រភព​មេរោគ មហារីក ។ មន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពូជកូនកាត់នាំចូលពីប្រទេសថៃនេះ​ ដោយបានបំផ្លាញចោលអស់ជាង៣៦តោន កាលពីពេលថ្មីៗ ។ មន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទីហ្គូហ្គល (Google Maps) ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹម និងការលក់ត្រីអណ្ដែងថៃហាមខាត់ តាមរយៈ  ​គិញ​បន្លំជាអតិថិជន។ ក្រុមបង្ក្រាប រួមជាមួយមន្ត្រីជលផល បានប្រើសំណាញ់កៀរយកត្រីអណ្ដែងថៃខុសច្បាប់ជាង៣៦តោន ចេញពីកន្លែងចិញ្ចឹមទាំង១១ស្រះ។ បន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីកម្ទេចចោលទាំងស្រុងតែម្តង។ មន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌា​ បានឱ្យដឹងទៀតថា ត្រីអណ្ដែងថៃ​ខុសច្បាប់ប្រហែល៥១តោន ត្រូវបានកម្ទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេលបីខែកន្លងមកនេះ។ មន្ត្រីពាក់ព័ន្ធបាននិយាយថា ការត្រួតពិនិត្យស្រះ និងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់ នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ។ បណ្ដាញសារព័ត៌មានឥណ្ឌា​ បានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវា ដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរគ្រប់ទីកន្លែង។ ពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបាត់បង់រហូតដល់៧០ភាគរយ ហើយក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ មន្ត្រីប្រទេសឥណ្ឌាបានព្រមានថា អ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃ ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតមេរោគ៕ (ផាន់ អាណា)

784251261_928422439739181_4573141762245123374_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕

photo_2026-08-26_13-07-11 (2)
ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ

ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ បន្ទាប់មកក្ងាននឹងចាប់ផ្តើមមានពង និងកូនជាបន្តបន្ទាប់ […]

image_2026-08-26_13-06-26
ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុង​រងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹក​កំពុងស្រកបណ្ដើរៗ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅ​ផ្នែកខេត្ត​ស្ទឹង​ត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុង​បង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅ​បួនខេត្ត ។ នេះបើយោងតាមការ​បញ្ជាក់ពី​ លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យ​អាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ។ លោក​បាន​ឲ្យដឹងថា អាជ្ញាធរ​កំពុងតែតាមដានស្ថានភាព​ទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ​​ នៅក្នុងខេត្តចំនួនបួនតាមដង​ទន្លេមេគង្គ មានស្ទឹង​ត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្ត​ក្រចេះ ជា​ខេត្ត​ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋ​ដែលរងផលប៉ះបាល់ទាំងនោះ មាន​ជិត២ពាន់គ្រួសារ​ត្រូវបានជម្លៀសចេញពី​លំនៅដ្ឋាន ខណៈទឹកជំនន់កំពុង​តែ​ប៉ះពាល់ដល់ផ្ទះសម្បែង​របស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករ​ប្រមាណ​ជិត៥ហិកតា កំពុងតែ​រងការ​លិច​លង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេច​បាន​បញ្ជាឲ្យត្រៀម​គ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រក​សម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពី​គ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​របស់ពលរដ្ឋដែលរងផលប៉ះពាល់៕

កាលវិភាគផ្សព្វផ្សាយ