ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។
ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។
បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕







