ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។
លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។
លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។
ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។
បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ បន្ទាប់មកក្ងាននឹងចាប់ផ្តើមមានពង និងកូនជាបន្តបន្ទាប់ ហើយពងរបស់វាក៏អាចលក់បានបណ្តើរៗ ដើម្បីបង្កើតចំណូលត្រឡប់មកវិញ។
លោកបានឱ្យដឹងថា ពងក្ងានមួយគ្រាប់អាចលក់បានក្នុងតម្លៃចន្លោះពី២ដុល្លារ ទៅ៣ដុល្លារក្នុងមួយគ្រាប់ ខណៈក្ងានសាច់មានតម្លៃចន្លោះពី១ម៉ឺន៨ពាន់រៀល ទៅ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ពាក់ព័ន្ធនឹងទីផ្សារវិញ លោក ស្រ៊ី សំនិត បានលើកឡើងថា ក្ងាននៅតែមានទីផ្សារ ប៉ុន្តែអ្នកចិញ្ចឹមមួយចំនួនអាចជួបការលំបាកក្នុងការលក់ចេញ ប្រសិនបើចិញ្ចឹមក្នុងចំនួនតិច និងមិនបានរៀបចំការលក់ឱ្យបានល្អ។ ក្នុងន័យនេះ លោកជំរុញឱ្យប្រជាពលរដ្ឋចាប់ផ្តើមចិញ្ចឹមឱ្យបានជាមុនសិន ហើយសឹមព្រួយបារម្ភពីទីផ្សារ ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន បណ្តាញសង្គមនានា គឺជាមធ្យោបាយសំខាន់សម្រាប់ផ្សព្វផ្សាយ និងស្វែងរកទីផ្សារ។ អ្នកចិញ្ចឹមអាចថតវីដេអូពីការចិញ្ចឹម ការលូតលាស់ និងផលិតផលរបស់ខ្លួន រួចផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីឱ្យអតិថិជននៅតាមតំបន់ផ្សេងៗបានស្គាល់ និងអាចទាក់ទងទិញដោយផ្ទាល់៕










