ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅផ្នែកខេត្តស្ទឹងត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុងបង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅបួនខេត្ត ។ នេះបើយោងតាមការបញ្ជាក់ពី លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកបានឲ្យដឹងថា អាជ្ញាធរកំពុងតែតាមដានស្ថានភាពទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។
ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួនបួនតាមដងទន្លេមេគង្គ មានស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្តក្រចេះ ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះបាល់ទាំងនោះ មានជិត២ពាន់គ្រួសារត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ខណៈទឹកជំនន់កំពុងតែប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។
យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករប្រមាណជិត៥ហិកតា កំពុងតែរងការលិចលង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។
សម្ដេចបានបញ្ជាឲ្យត្រៀមគ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រកសម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់៕













