សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។
ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខាឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។
ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦ ដោយគ្រប់គ្រងសាខា នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ បានឈានជើងចូលទីផ្សារម៉ាឡេស៊ី ដោយទទួលបានវិញ្ញាបនបត្រហាឡាល់ (Halal) ថែមទៀតផង។
បច្ចុប្បន្ននេះ ក្រៅពីការរកស៊ីនៅក្នុងតំបន់អាស៊ី ក្រុមហ៊ុនកំពុងប្រតិបត្តិការហាងចំនួន២០ទីតាំង នៅទូទាំងតំបន់អាម៉េរិកឡាទីន រួមមាននៅប្រទេសប៉ាណាម៉ា កូស្តារីកា បាហាម៉ាស់ និងប្រទេសកូឡុំប៊ី។
ភោជនីយដ្ឋាននៅក្នុងទីក្រុងម៉ិកស៊ីកូនេះ មានផ្ទៃក្រឡា៣៣៨ម៉ែត្រការ៉េ ដោយចែកចេញជាពីរជាន់ និងមានលំហអាកាសខាងក្រៅ ព្រមទាំងអាចទទួលភ្ញៀវបានចំនួន១១៥នាក់។
ក្រុមហ៊ុនបានបញ្ជាក់ថា ហាងនេះស្ថិតនៅក្នុងតំបន់ ដែលសម្បូរទៅដោយសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងមជ្ឈមណ្ឌលផ្សារទំនើប។
បញ្ជីមុខម្ហូបសំខាន់ គឺផ្តោតលើមាន់បំពងរបស់ BBQ ដែលមានរហូតដល់១២ ដោយមានលក់ជាឈុត និងលក់ដាច់ដោយឡែក។
បន្ថែមពីនេះ ហាងក៏មានលក់ម្ហូបកូរ៉េផ្សេងទៀត ដូចជា តុកបូគី (Tteokbokki), បាយឆាជាមួយជ្រក់គីមឈី, បាយស្រូប, សាឡាត់មាន់បំពង, ប៊ឺហ្គឺមាន់ និងសាច់ក្រក ព្រមទាំងបង្អែម និងភេសជ្ជៈប្រមាណ២០មុខ ទាំងមានជាតិអាល់កុល និងគ្មានជាតិអាល់កុល របស់កូរ៉េ និងម៉ិកស៊ី ផងដែរ។
ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនមានគម្រោងបើកសាខាទី២ នៅចុងខែសីហានេះ ព្រមទាំងបន្តបបើកសាខាផ្សេងទៀតទៅកាន់ទីក្រុងធំៗរបស់ប្រទេសម៉ិកស៊ិក។
ក្រុមហ៊ុនបានបន្តថា ប្រទេសម៉ិកស៊ិក ដែលមានប្រជាជនប្រមាណ១៣០លាននាក់ គឺជាឱកាសដ៏សំខាន់សម្រាប់ស្វែងរកប្រាក់ចំណូលនៅបរទេស ស្របពេលទីក្រុងម៉ិកស៊ីកូ និងតំបន់ជុំវិញមានប្រជាជនរស់នៅជាង២០លាននាក់។
តំណាងក្រុមហ៊ុនបានលើកឡើងថា ទីក្រុងម៉ិកស៊ីកូ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើនកេរឈ្មោះនៃម៉ាកសញ្ញា BBQ ព្រមទាំងមានគម្រោងបង្ហាញមុខម្ហូបរបស់កូរ៉េ ទៅកាន់អតិថិជនកាន់តែច្រើននៅទូទាំងប្រទេសម៉ិកស៊ិក ព្រមទាំងពង្រឹងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុកផងដែរ៕ (ផាន់ អាណា)













