បាតុភូតអែលនីញ៉ូអាចធ្វើឱ្យផលិតកម្មអង្ករពិភពលោកអាចធ្លាក់ចុះប្រាំបួនលានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧

_130800198_45

ញូវដែលី៖ យោងតាមការព្យករណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្មស្រូវពិភពលោកអាចថយចុះប្រាំបួនលានតោន គឺធ្លាក់ចុះពី៥៤៥,៤លានតោន មកនៅត្រឹម៥៣៦,៤លានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧ ខណៈពេលបាតុភូតអែលនីញ៉ូ ដែលអាចមានកម្លាំងខ្លាំង រួមទាំងការឡើងនៃថ្លៃធាតុចូលផលិតកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងបង្កការគំរាមកំហែងដល់ដំណាំ។

ការព្យាករណ៍របស់ អេសអេនភី គ្លូបល (S&P Global) ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិទ្យា វិភាគទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក បានលើកឡើងថា អាកាសធាតុប្រែប្រួលខុសពីធម្មតា កំពុងបង្កផលប៉ះពាល់ដល់ប្រទេសផលិត នាំចេញ និងនាំចូលអង្ករ រួមមាន ឥណ្ឌា ប៉ាគីស្ថាន វៀតណាម ឥណ្ឌូណេស៊ី ចិន ភូមា និងហ្វីលីពីន។

សារព័ត៌មានរបស់ឥណ្ឌាចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២៦ បានដកស្រង់ការលើកឡើងរបស់សហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា​ ដែលនិយាយថា ប្រទេសទាំងឥណ្ឌាកំពុងប្រឈមនឹងសម្ពាធក្នុងកម្រិតខុសៗគ្នា ពីការរំខានកើតឡើងក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូវ ការផ្លាស់ប្តូរផ្ទៃដីដាំដុះ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទឹក និងការកើនឡើងនៃថ្លៃដើមផលិត។

របាយការណ៍បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលអូសបន្លាយពេលយូរ និងកាន់តែខ្លាំងឡើង រួមជាមួយនឹងការឡើងថ្លៃជី ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្កើតបរិយាកាសមិនល្អថែមទៀតសម្រាប់ទីផ្សារអង្ករពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាម៉េរិក បានព្យាករណ៍គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ថា មានលទ្ធិភាព៩៧ភាគរយ ដែលបាតុភូតអែលនីញ៉ូនឹងបន្តអូសបន្លាយរហូតដល់ដើមឆ្នាំ២០២៧។ សេចក្តីប្រកាសនេះក៏បង្ហាញថា មានលទ្ធភាពរហូត៨១ភាគរយ ដែលបាតុភូតនេះនឹងក្លាយជាបាតុភូតមហាអែលនីញ៉ូ ក្នុងអំឡុងខែតុលា និងធ្នូ ឆ្នាំ២០២៦។

របាយការណ៍រំពឹងថា បាតុភូតអែលនីញ៉ូនឹងបន្តអូសបន្លាយរហូតដល់ខែមេសា ឆ្នាំ២០២៧ ដូច្នេះតំបន់ដាំស្រូវសំខាន់ៗអាចប្រឈមនឹងអាកាសធាតុមិនអំណោយផល ក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូ។ ចំណែកថ្លៃធាតុចូលផលិតកម្មកាន់តែខ្ពស់ ក៏អាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់កសិករអំពីការដាំដុះផងដែរ ជាពិសេសនៅទូទាំងទ្វីបអាស៊ី។

រីឯការនាំចេញ និងស្តុកអង្ករវិញ ទោះបីផលិតកម្មត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះក៏ដោយ ការនាំចេញអង្ករពិភពលោកអាចមានស្ថិរភាពក្នុងកម្រិតមួយ ដោយសារមានស្តុកសល់ច្រើនពីឆ្នាំទីផ្សារ២០២៥–២០២៦។ ទោះជាយ៉ាងណា តម្រូវការនាំចូលអង្ករលើពិភពលោកត្រូវបានព្យាករណ៍ថា នឹងកើនឡើងជិត៤លានតោន ដល់៥៩,៧លានតោន ដោយសារប្រទេសផ្សេងៗចង់ធានាការផ្គត់ផ្គង់ទុកជាមុន ដើម្បីទប់ទល់នឹងការរំខាន ដែលអាចកើតមានចំពោះការប្រមូលផល។
ជាលទ្ធផល សមាមាត្រស្តុកអង្ករធៀបនឹងការប្រើប្រាស់ (Stock-to-use ratio) នៅលើពិភពលោក ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅ ៣៦ភាគរយ។

ទោះបីសមាមាត្រនេះស្ថិតក្នុងកម្រិតអាចជឿទុកចិត្តបាន បើប្រៀបធៀបនឹងស្តង់ដារប្រវត្តិសាស្ត្រក៏ដោយ របាយការណ៍បានព្រមានថា ស្ថានភាពនេះត្រូវការការតាមដានយ៉ាងដិតដល់។ តម្លៃអង្ករនៅតាមបណ្តាប្រទេសនាំចេញធំៗ ក៏បានចាប់ផ្តើមបង្ហាញពីក្តីព្រួយបារម្ភអំពីហានិភ័យអាកាសធាតុ និងការធ្លាក់ចុះនៃតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការអង្ករលើពិភពលោក។

គេរំពឹងថា ក្រុមអេសអេនភី គ្លូបល នឹងបង្ហាញការវាយតម្លៃលម្អិតអំពីផលិតកម្ម ការប្រើប្រាស់ ពាណិជ្ជកម្ម ស្តុក និងតម្លៃអង្ករលើពិភពលោក នៅក្នុងសន្និសីទស្តីពីអង្ករអន្តរជាតិ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំមានរយៈពេលបីថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

ការវាយតម្លៃនេះក៏នឹងពិនិត្យមើលថា តើប្រទេសណាខ្លះប្រឈមនឹងហានិភ័យខ្ពស់បំផុតចំពោះការផ្គត់ផ្គង់;
ទីផ្សារណាអាចក្លាយជាអ្នកនាំចូលធំៗ និលំហូរពាណិជ្ជកម្មអង្ករបែបប្រពៃណី អាចផ្លាស់ប្តូរយ៉ាងដូចម្តេចក្នុងរយៈពេលមួយឆ្នាំខាងមុខ៕ (ផាន់ អាណា)


photo_2026-10-01_19-52-36
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ក្នុងនោះ រាជរដ្ឋាភិបាល ក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឯកឧត្តមនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ […]

DSC08528
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ​ទី៥​ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥​ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវសួរ សុខគីម បានដឹកនាំក្រុមគ្រួសារ​ និងសហការី អញ្ជើញអុជទៀនធូបបូជា​ថ្វាយព្រះពុទ្ធបដិមា​ ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ​ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត​ និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន​ ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕

DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ