ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

photo_2026-08-11_20-07-09

ដោយ នៅ ស៊ីវុត្ថា

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។

ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។

ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា ការធ្វើកសិកម្មនាពេលបច្ចុប្បន្នមិនគួរផ្អែកតែលើទម្លាប់ដែលបន្តពីជំនាន់មួយទៅជំនាន់មួយនោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរកការផលិតដែលផ្អែកលើបច្ចេកទេស ទើបទទួលបានទិន្នផលខ្ពស់ គុណភាព និងទីផ្សារ។

លើសពីនេះឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកជូនកសិករថា ពូជគឺជាកត្តាសំខាន់មួយក្នុងការកំណត់ទិន្នផលប្រសិនបើកសិករបន្តប្រើពូជចាស់ៗដែលរក្សាទុកតៗគ្នាពីជំនាន់មុនៗមក ដោយមិនមានការជ្រើសរើស ឬកែលម្អពូជថ្មីទេនោះ ទិន្នផលអាចមិនខ្ពស់ដូចពូជដែលមានគុណភាព ។

ជាមួយគ្នានេះ ការថែទាំដំណាំក៏ជាកត្តាសំខាន់មិនអាចមើលរំលងបានហើយចំណុចនេះកសិករត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹក ការដាក់ជី និងការប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ តាមពេលវេលា ព្រោះការប្រើប្រាស់ខុសពេលវេលា ឬខុសបច្ចេកទេសអាចធ្វើឱ្យការចំណាយកើនឡើង ប៉ុន្តែមិនទទួលបានប្រសិទ្ធភាពតាមការរំពឹងទុក។

ឯកឧត្តមបណ្ឌិតប្រតិភូបានប្រៀបធៀបថា ដំណាំក៏ដូចជាមនុស្សដែរ នៅពេលមនុស្សឃ្លាន ត្រូវការអាហារ ហើយដំណាំក៏ត្រូវការសារធាតុចិញ្ចឹមនៅតាមដំណាក់កាលនៃការលូតលាស់នីមួយៗ។ ដូច្នេះការដាក់ជី ការផ្តល់ទឹកនិងការការពារជំងឺ ឬសត្វល្អិតត្រូវធ្វើតាមពេលវេលា និងតាមតម្រូវការរបស់ដំណាំនីមួយៗ។

បន្ថែមពីនេះជុំវិញបញ្ហាដែលកសិករកំពុងជួបប្រទះនៅស្រុកគូលែន ខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់កសិករថា វាមិនមែនជាបញ្ហារបស់តំបន់នេះតែមួយនោះទេ ប៉ុន្តែជាបញ្ហាដែលកសិករនៅទូទាំងប្រទេសកំពុងប្រឈម ដូចជា ថ្លៃដើមផលិតកម្មខ្ពស់ ទិន្នផលមិនទាន់ទទួលបានតាមគោលដៅ ព្រមទាំងបញ្ហាទឹក បច្ចេកទេស និងទីផ្សារផងដែរ។

ហេតុដូច្នោះ ដើម្បីដោះស្រាយកង្វល់ខាងលើនេះ ប្រជាកសិករគួរតែពិចារណាងាកមកប្រើប្រាស់សេវាឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងចូលរួមជាមួយ សមាគមបណ្តាញកសិករតេជោ ដែលជាស្ពានចម្លងដ៏សំខាន់ ដើម្បីទទួលបានព័ត៌មាន បច្ចេកទេស និងលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់យកទៅពង្រីកអាជីវកម្ម ក្នុងអត្រាការប្រាក់អនុគ្រោះ និងមានភាពបត់បែនជូនដល់កសិករថែមទៀត៕


photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

កាលវិភាគផ្សព្វផ្សាយ