ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

photo_2026-08-11_18-18-22

ដោយ នៅ​ ស៊ីវុត្ថា

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ​ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព​។

បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។

លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ការរៀបចំតំបន់នេះមិនគួរផ្តោតត្រឹមតែការផ្តល់ជំនួយ ឬចែកអំណោយជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវបង្កើតឱ្យមានមុខរបរ និងការងារធ្វើជាក់ស្តែង ដើម្បីឱ្យប្រជាពលរដ្ឋអាចរកបានប្រាក់ចំណូល និងលេីកកម្ពស់ជីវភាពរបស់ខ្លួនបានយូរអង្វែង។

តាមផែនការគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតងអាចត្រូវការទុនវិនិយោគច្រេីនលានដុល្លារអាម៉េរិក ដោយផ្តោតលើការដាំដុះ ការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពអាជីវកម្មកសិកម្មផ្សេងៗ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ អាចចូលរួមក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ដើម្បីមានលទ្ធភាពក្លាយជាម្ចាស់ភាគហ៊ុន ឬម្ចាស់អាជីវកម្ម ដែលត្រូវបានបង្កើតឡើងនៅទីនេះ។

ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា តំបន់តាកឹងបៃតងអាចអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតស្បៀងដ៏សំខាន់មួយ ដែលមានសមត្ថភាពផ្គត់ផ្គង់ផលិតផលកសិកម្មដល់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តស្ទឹងត្រែង ជាពិសេស ដល់តំបន់ជួរមុខ ដោយកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនស្បៀងពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត។

ជាចុងក្រោយ តំណាងក្រុមការងារសមាគមបណ្តាញកសិករតេជោ បានធ្វើបទបង្ហាញលម្អិតអំពីផែនការអភិវឌ្ឍតំបន់កសិកម្ម នៅភូមិតាកឹងបៃតង ដោយផ្តោតលើការបង្កើតចង្កោមអាជីវកម្មកសិកម្ម និងការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ដែលកំពុងរៀបចំ រួមមាន វារីវប្បកម្ម ការចិញ្ចឹមគោសាច់ ការផលិតចំណីសត្វ និងដាំស្មៅ ការចិញ្ចឹមមាន់យកស៊ុត និងសាច់ ការចិញ្ចឹមទាយកស៊ុត និងសាច់ ការដាំបន្លែក្នុងផ្ទះសំណាញ់ ព្រមទាំងការបង្កើតកន្លែងប្រមូលផ្តុំ និងចែកចាយបន្លែ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ