ដោយ ហៃ ស៊ីណា
បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។
កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។
កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជាអនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ និងទីផ្សារស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងមានចីរភាព។
កិច្ចសន្យាកសិកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទំនាក់ទំនង និងកិច្ចសហការដ៏រឹងមាំរវាងក្រុមហ៊ុន អ្នកប្រមូលទិញ និងក្រុមកសិករ ដោយផ្តោតលើការផលិតស្រូវ ដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ និងធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។
ជាមួយគ្នានេះ ភាគីទាំងអស់បានយល់ឃើញថា ការជឿទុកចិត្ត ភាពស្មោះត្រង់ និងការគោរពកិច្ចសន្យាទៅវិញទៅមក គឺជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ការកសាងភាពជាដៃគូរយៈពេលវែង។ កសិករត្រូវខិតខំផលិតស្រូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្តង់ដារដែលបានព្រមព្រៀង ខណៈភាគីអ្នកទិញ និងក្រុមហ៊ុនត្រូវមានភាពច្បាស់លាស់ក្នុងការទិញ ការកំណត់តម្លៃ ការប្រមូលទិញ និងការទូទាត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងតម្លាភាព។
ការពង្រឹងទំនាក់ទំនងរវាងភាគីទាំងអស់ មិនមែនមានត្រឹមតែការទិញ-លក់ស្រូវប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង ភាពជាដៃគូអាជីវកម្ម និងកសិកម្ម ដែលអាចចែករំលែកព័ត៌មាន បទពិសោធន៍ បច្ចេកទេស និងដំណោះស្រាយរួមគ្នា។ នៅពេលមានបញ្ហាប្រឈម ដូចជាការប្រែប្រួលតម្លៃ ទិន្នផល គុណភាព ឬតម្រូវការទីផ្សារ ភាគីទាំងអស់គួររួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយដោយស្មារតីយោគយល់ និងទទួលខុសត្រូវ។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន City Rice Import Export Co., Ltd. មានបំណងបន្តពង្រឹងទំនាក់ទំនងជាមួយកសិករ និងដៃគូពាក់ព័ន្ធ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវប្រកបដោយប្រសិទ្ធភាព មានគុណភាព និងអាចប្រកួតប្រជែងបាន។ ទន្ទឹមនឹងនេះ ការផលិតស្រូវសែនក្រអូប ដែលមានគុណភាពខ្ពស់ នឹងជួយបង្កើនតម្លៃផលិតផលកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនទំនុកចិត្តរបស់អតិថិជន និងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ជាពិសេស ភាគីទាំងអស់មានសុឆន្ទៈក្នុងការរួមគ្នាអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ដោយផ្តោតលើ គុណភាព ប្រសិទ្ធភាព តម្លាភាព ភាពស្មោះត្រង់ និងផលប្រយោជន៍រួម។ ការរួមគ្នារបស់ក្រុមហ៊ុន កសិករ សហគមន៍ និងដៃគូពាក់ព័ន្ធ នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់ស្រូវកម្ពុជាឱ្យមានតម្លៃបន្ថែម និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ៕








