ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ជុំហ៊ួរ ហ៊ីដាយ៉ាត (Jumhur Hidayat) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំគោលនយោបាយទឹកសម្រាប់ធ្វើកសិកម្ម (Water Farming Policy) ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទឹកក្រោមដីទាំងអស់ ត្រូវស្តារប្រភពទឹកបម្រុងឡើងវិញ ដើម្បីការពារធនធានទឹកប្រកបដោយចីរភាព។
ថ្លែងការណ៍នាឱកាសកិច្ចប្រជុំកំពូល ស្តីពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់របស់ឥណ្ឌូណេស៊ីឱ្យនៅត្រឹមសូន្យ (Indonesia Net Zero Summit) ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោក ជុំហ៊ួរ ហ៊ីដាយ៉ាត បានមានប្រសាសន៍ថា គោលនយោបាយនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ បង្វែរទឹកត្រឡប់ទៅក្នុងដីវិញ បន្ទាប់ពីបានបូមយកទឹកក្រោមដី តាមរយៈយន្តការមានស្រាប់។
លោកបានបន្តថា កម្រៃសេវាពីការប្រើប្រាស់ទឹកក្រោមដីនាពេលបច្ចុប្បន្ន ដែលបង់ជូនអាជ្ញាធរមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះថវិកាទាំងនោះមិនបានយកទៅទ្រទ្រង់ដោយផ្ទាល់ដល់ការស្តារទឹកក្រោមដី ឬរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីឡើងវិញឡើយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា គោលនយោបាយនេះមានគោលបំណងបង្ការការស្រុតដី ការរីងស្ងួតទឹកក្រោមដី និងការខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ ការប្រើប្រាស់ទឹកក្រោមដីត្រូវតែសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដើម្បីធានាចីរភាពទឹកក្នុងរយៈពេលវែង។
ការស្តារទឹកក្រោមដីឡើងវិញ អាចរាប់បញ្ចូលទាំងការកសាងប្រព័ន្ធជ្រាបទឹកបែបជីវសាស្រ្ត (Biopore Infiltration Systems) ស្របតាមបទដ្ឋានបច្ចេកទេសកំណត់ ឬការដាំដើមឈើឱ្យស្របតាមបរិមាណទឹក ដែលបានបូមយកប្រើប្រាស់។
លោកបានពន្យល់ថា លក្ខខណ្ឌបច្ចេកទេសសម្រាប់គោលនយោបាយនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយនឹងត្រូវកំណត់លម្អិតបន្ថែមទៀត នៅពេលរៀបចំរួចរាល់។ លោកបានបញ្ជាក់ថា វិធានការគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្មទឹកនេះ នឹងអនុវត្តចំពោះអ្នកប្រើប្រាស់ទឹកក្រោមដីទាំងអស់ រាប់បញ្ចូលទាំងអាជីវកម្មធំៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យជាដើម។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានរំពឹងថា គោលនយោបាយនេះនឹងត្រូវរៀបចំរួចរាល់នៅក្នុងឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិគ្រោះយោបល់ជាសាធារណៈ និងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងបង្កើតបទប្បញ្ញត្តិនេះឡើង ដោយសារតម្រូវការប្រើប្រាស់ទឹកក្រោមដីមានការកើនឡើងកាន់តែច្រើន ដែលទាមទារឱ្យមានវិធានការម៉ឺងម៉ាត់ជាងមុន ដើម្បីរក្សាប្រភពទឹក និងការពារបរិស្ថាន។
លោកបានបន្ថែមថា អភិក្រមរបស់រដ្ឋាភិបាល គឺស្វែងរកតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច និងការការពារបរិស្ថាន ដោយធានាថា ការបូមទឹកក្រោមដីត្រូវតែមានវិធានការបំពេញបន្ថែមប្រភពទឹកបម្រុងធម្មជាតិឡើងវិញជាចាំបាច់។
សូមបញ្ជាក់ថា សហគមន៍គោលនយោបាយការបរទេសនៃប្រទេសឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់របស់ឥណ្ឌូណេស៊ីឱ្យនៅត្រឹមសូន្យ ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា កាលពីសប្តាហ៍មុន ក្រោមប្រធានបទ ដល់ពេលត្រូវអនុវត្តហើយ!។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីលោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) ប្រតិភូពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការទឹក និងរដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ជុំហ៊ួរ ហ៊ីដាយ៉ាត ដោយផ្តោតសំខាន់លើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ (ផាន់ អាណា)












