ដោយ ហៃ ស៊ីណា
បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលរយពេលមួយថ្ងៃ ស្តីពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជូនដល់សិក្ខាកាមជាជនភៀសសឹកចំនួន២៦នាក់ មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើម និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់ដល់ជនភៀសសឹក ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់បែបទំនើប ដើម្បីបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូលគ្រួសារ។
កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក នាក់ វិជ្ជរៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល, លោក លុក គឹមលាន អភិបាលរង នៃគណៈអភិបាលស្រុកគូលែន តំណាងរដ្ឋបាលខេត្តព្រះវិហារ, លោក រស់ សេងហាក់ និងលោក កេង កុច តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ៦០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានមើលពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ សម្រាប់ជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោង ដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ជនភៀសសឹក។
ឯកឧត្តមបណ្ឌិតបានជំរុញឱ្យក្រុមការងាររៀបចំផែនការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចចាប់ផ្តើមផលិត និងបង្កើតមុខរបរបន្ថែមសម្រាប់គ្រួសារ។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិភាក្សាជាមួយក្រុមការងារ និងសមាជិកសមាគមបណ្តាញកសិករតេជោ ព្រមទាំងអាជ្ញាធរមូលដ្ឋានអំពីផែនការអនុវត្តគម្រោង ដោយបានផ្តល់អនុសាសន៍ឱ្យរៀបចំផែនការការងារឱ្យបានច្បាស់លាស់ ដូចជារៀបចំប្រភពទឹក ស្របតាមស្ថានភាពជាក់ស្តែង សក្តានុពលរបស់តំបន់ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតបានណែនាំឱ្យផ្តោតលើការជ្រើសរើសប្រភេទដំណាំ បន្លែ សត្វគោ និងប្រភេទត្រីដែលសមស្របទៅនឹងលក្ខខណ្ឌភូមិសាស្ត្រ ដើម្បីធានាប្រសិទ្ធភាព និរន្តរភាព និងការអភិវឌ្ឍយូរអង្វែង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជំរុញផលិតកម្មកសិកម្មនៅទីតាំងជនភៀសសឹក មិនត្រឹមតែជួយធានាសន្តិសុខស្បៀងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតប្រភពចំណូលបន្ថែម តាមរយៈការលក់ផលិតផលលើសពីតម្រូវការប្រើប្រាស់ក្នុងគ្រួសារ ដែលអាចរួមចំណែកលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ឧត្តមបានសម្តែងក្តីរំពឹងថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ផែនការនេះនឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងអាចក្លាយជាគំរូសម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត។
សកម្មភាពនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ ARDB ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជំរុញផលិតកម្ម ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រឹងសន្តិសុខស្បៀង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនភាពធន់របស់សហគមន៍៕












