ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បាននាំចូលទៅកាន់ទីផ្សារវារីវប្បកម្មរបស់អឺរ៉ុបឡើងវិញហើយ បន្ទាប់ពីបានអនុញ្ញាតឱ្យនាំចេញត្រីចិញ្ចឹមទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។
លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ និងផលិតផលជលផល នៃទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងគ្រប់គ្រងផលិតផលជលផល បានឱ្យដឹងថា ការអភិវឌ្ឍនេះមានសារៈសំខាន់ណាស់សម្រាប់កសិករចិញ្ចឹមត្រីឥណ្ឌូណេស៊ី ដែលបញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភ បន្ទាប់ពីឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជី អ្នកនាំចេញត្រីទៅអឺរ៉ុប។
លោកស្រីបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីសប្តាហ៍មុនថា ដំណឹងនេះជាល្អសម្រាប់អាជីវកម្មវារីវប្បកម្ម បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
លោកស្រីបានពន្យល់ថា ឥណ្ឌូណេស៉ីឥឡូវនេះទទួលបានការអនុញ្ញាតឱ្យនាំចូលឡើងវិញតាមរយៈសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
លោកស្រីបានសន្មតថា ការស្តារលទ្ធភាពទទួលបានទីផ្សារឡើងវិញ គឺដោយសារការចរចាយ៉ាងស្វិតស្វាញ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់សហភាពអឺរ៉ុប។
លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានប្រើប្រាស់បណ្តាញការទូតផ្សេងៗ ដើម្បីតស៊ូមតិសម្រាប់វិស័យវារីវប្បកម្មរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងតាមរយៈកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
តាមរយៈការចរចា ក្រសួងកិច្ចការសមុទ្រ និងជលផល បានអនុវត្តវិធីសាស្រ្តយ៉ាងសកម្ម និងស៊ីជម្រៅ ដើម្បីការពារផលប្រយោជន៍របស់វិស័យវារីវប្បកម្ម ដោយរំពឹងថា នឹងបន្តនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបសម្រាប់ផលិតផលត្រីចិញ្ចឹម។
លោកស្រីក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងហ្សាការតា ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងប្រ៊ុចសែល ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម ដែលខិតខំរហូតទទួលបានលទ្ធផលនេះ។
លោកស្រីបានបញ្ជាក់បន្ថែមថា សមាជិកសហភាព២៧ប្រទេស អាចប្រើប្រាស់ត្រីប្រចាំឆ្នាំក្នុងមនុស្សម្នាក់ៗ ប្រហែល២៥គីឡូក្រាម ក្នុងទឹកប្រាក់ប្រចាំឆ្នាំជាមធ្យមជាងមូយលានដុល្លារ។
ក្នុងការកត់សម្គាល់នោះ លោកស្រី អ៊ីហ្សាទីនី បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទិសដៅនាំចេញធំជាងគេទី៥ សម្រាប់ទំនិញជលផលរបស់ឥណ្ឌូណេស៊ី ដែលមានបង្គា ត្រីនួនចាន់ និងត្រីអណ្តែង ស្ថិតក្នុងចំណោមផលិតផលឈានមុខគេ។ ព្រមជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីក៏មើលឃើញពីឱកាសនាំចេញត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារអឺរ៉ុបផងដែរ៕ (ផាន់ អាណា)










