រ៉ាបាត៖ យោងតាមរបាយការណ៍រួមរបស់អង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការឧតុនិយមពិភពលោក បានឱ្យថា កសិកររបស់ប្រទេសម៉ារ៉ុកកំពុងប្រឈមមុខនឹងកាផលពិបាក ដោយសារអាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ បានធ្វើឱ្យវិស័យកសិកម្មជួបបញ្ហា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅចន្លោះឆ្នាំ២០២២ និង២០២៤ អាកាសធាតុនៅក្នុងប្រទេសម៉ារ៉ុកស្ថិត មានស្ថានភាពកាន់តែអាក្រក់ទៅ ដោយមានគ្រោះរាំងស្ងួតរយៈពេលប្រាំមួយឆ្នាំជាប់គ្នា រហូតធ្វើឱ្យកសិករខ្វះទឹកស្រោចស្រពដំណាំ និងជូបប្រទះបញ្ហារលកកម្តៅម្តងហើយម្តងទៀត នាំឱ្យសីតុណ្ហភាពឡើងដល់កម្រិតគ្រោះថ្នាក់។
ក្នុងករណីខ្លះ កម្តៅមិនត្រឹមតែកើនឡើងមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានអូសបន្លាយរយៈពេលវែង។ កាលពី(ក្នុងខែមីនា ឆ្នាំ២០២៣ មានរយៈពេល១១ថ្ងៃ ហើយមួយទៀតនៅខែកក្កដា ឆ្នាំ២០២៤ បានរត់រយៈពេល១០ថ្ងៃ។ ក្នុងអំឡុងពេលទាំងនេះ សីតុណ្ហភាពច្រើនតែឡើងលើសពី៤០អង្សា ដែលធ្វើឱ្យដំណាំ សត្វ និងព្រៃឈើ ពិបាករស់បំផុត។
វិស័យកសិកម្មចូលរួមចំណែកប្រមាណ១០ភាគរយ នៃសេដ្ឋកិច្ចម៉ារ៉ុក ហើយភាគច្រើនពឹងផ្អែកលើទឹកភ្លៀង។ ការពឹងផ្អែកបែបនេះ ទើបឥឡូវនេះ នាំឱ្យជួបស្ថានភាពកាន់តែពិបាកខ្លាំងឡើង ដោយមានភ្លៀងធ្លាក់តិចតួច និងកម្តៅឡើងមិនឈប់ឈរ ធ្វើឱ្យការដាំដុះរងផលប៉ះពាល់យ៉ាងខ្លាំង។
ទិន្នផលដំណាំរបស់ម៉ារ៉ុកបានធ្លាក់ចុះប្រមាណ៤៣ភាគរយ ក្នុងរដូវប្រមូលផលឆ្នាំ២០២៣-២០២៤ ដែលជាកម្រិតទាបបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផលិតកម្មស្រូវសាលីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ចំណែកដំណាំសំខាន់ៗផ្សេងទៀត បានរងការខូចខាតស្ទើរគ្មានសល់។ ផ្លែអូលីវ បានផលិតប្រេងបានតិចជាងមុន ហើយបរិមាណផ្លែបានធ្លាក់ចុះដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។ រីឯចម្ការដំណាំក្រូចក៏បានធ្លាក់ចុះទិន្នផលផងដែរ ទាំងក្នុងផលិតកម្ម និងការនាំចេញ។
កសិករចិញ្ចឹមសត្វកំពុងជួបការលំបាក ដោយសារកម្តៅ និងកង្វះខាតចំណី បានប៉ះពាល់ដល់សុខភាពសត្វ ដែលនាំឱ្យធ្លាក់ចុះទិន្នផលទឹកដោះគោ និងផលិតកម្មសាច់។
ផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំងនេះ គឺលើសពីវិស័យកសិកម្ម។ ព្រៃឈើក៏បានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃធំៗ ដែលបង្កឡើងដោយកម្តៅ និងគ្រោះរាំងស្ងួតហួតហែង។ គ្រាន់តែនៅក្នុងឆ្នាំ២០២២ ផ្ទៃដីព្រៃជាង២២ ០០០ ហិកតាត្រូវភ្លើងឆេះស្ទីរគ្មាន។
នៅរដូវក្តៅឆ្នាំ២០២៤ អាងស្តុកទឹក និងកម្រិតទឹកក្រោមដីបានធ្លាក់ចុះដល់ចំណុចទាបបំផុត ដែលមិនធ្លាប់មាន។ បាតុភូតបែបនេះបាននាំឱ្យមានការខ្វះខាតទឹកផឹក និងការកំណត់យ៉ាងតឹងរ៉ឹងលើប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឱ្យកសិករកាន់តែពិបាកក្នុងការដាំដុះដំណាំ។
អ្នកជំនាញផ្នែកអាកាសធាតុ និងបរិស្ថាន នៃអង្គការស្បៀងអាហារ និងកសិកម្ម បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាកាសធាតុក្តៅខ្លាំងកំពុងអូសបន្លាយបែប ធ្វើឱ្យកសិករ អ្នកនេសាទ និងបុគ្គលិកព្រៃឈើមិនអាចដាំដុះបាន និងនៅកនុងក្នុងករណីខ្លះពួកគេអាចធ្វើអ្វីបានទាំងអស់។
អ្នករូបនេះ បាននិយាយបន្ថែមថា ស្ថានភាពនៅក្នុងប្រទេសម៉ារ៉ុកបង្ហាញពីទំនាក់ទំនងអាកាសធាតុ ទឹក និងប្រព័ន្ធស្បៀងអាហារ និងរបៀបដែលអ្វីៗអាចដោះស្រាយបានយ៉ាងឆាប់រហ័សនៅពេលអាកាសធាតុអាក្រក់ចូលមក៕ (ផាន់ អាណា)














