ទីក្រុងប្រ៊ីសបេន៖ បើយោងតាមក្រុមហ៊ុនជីរបស់រដ្ឋ ឈ្មោះ ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) បានឱ្យដឹងថា
ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយប្រទេសមួយចំនួន ដែលមានចំណាប់អារម្មណ៍ក្នុងការនាំចូលជីអ៊ុយរ៉េរបស់ខ្លួន ដើម្បីស្តុកទុកបម្រុងចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់។
ប្រធានក្រុមហ៊ុនពូពុក ឥណ្ឌូណេស៊ី លោក រ៉ាស់ម៉ាដ ព្រីបាឌី (Rahmad Pribadi) បានកត់សម្គាល់ថា ការពិភាក្សាផ្នែកពាណិជ្ជកម្មកំពុងបន្ត ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងផ្គត់ផ្គង់ជីទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។
លោកប្រធានក្រុមហ៊ុន បានលើកឡើងបែបបនេះ ក្នុងពិធីទទួលជីឥណ្ឌូណេស៊ីចំនួន៤៧ ២៥០តោន នៅកំពង់ផែទីក្រុងប្រ៊ីសបេន (Brisbane) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកមានប្រសាសន៍ដូច្នេះថា “យើងបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ហើយឥឡូវនេះកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត រួមមានបង់ក្លាដែស ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅអាស៊ី”។
លោក រ៉ាស់ម៉ាដ ព្រីបាឌី បានពន្យល់ថា ការចរចានេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកទិន្នផលជីលើសពីតម្រូវការក្នុងស្រុក សម្រាប់នាំចេញទៅក្រៅប្រទេស។
ទោះបីជាយ៉ាងនេះក្តី លោកបានធានាដល់សាធារណជនថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញសេចក្តីណែនាំរួចហើយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កសិករក្នុងស្រុកជាមុនសិន។
លោកបានបន្តថា ដោយសារតម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ ដូច្នេះប្រទេសឥណ្ឌូណេស៊ី នឹងប្រើប្រាស់ផលិតកម្មលើសរបស់ខ្លួន ដើម្បីជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់។
លោក រ៉ាស់ម៉ាដ ព្រីបាឌី បានបញ្ជាក់ថា សារាចរណែនាំទីពីររបស់លោកប្រធានាធិបតី គឺមិនត្រូវទុកឱ្យប្រទេសជាដៃគូជួបប្រទះនឹងកង្វះខាតជី នៅពេលឥណ្ឌូណេស៊ីបានបំពេញតម្រូវការរបស់ខ្លួន ព្រមទាំងមានជីនៅក្នុងស្តុកគ្រប់គ្រាន់។ឥឡូវនេះ ឥណ្ឌូណេស៊ី កំពុងផ្គត់ផ្គង់ជីដល់ប្រទេសអូស្ត្រាលី ព្រោះដល់រដូវដាំដុះ។
ចំពោះពាណិជ្ជកម្មជីជាមួយអូស្ត្រាលី លោកបានកត់សម្គាល់ថា រដ្ឋាភិបាលទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ជីចំនួន២៥០ ០០០តោន។ អូស្ត្រាលី គឺជាទីផ្សារធំសម្រាប់ជីអ៊ុយរ៉េរបស់ឥណ្ឌូណេស៊ី ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងកិច្ចសន្យារយៈពេលវែង ដែលផ្តល់ភាពប្រាកដប្រជាចំពេលមានការប្រែប្រួលទីផ្សារសកល៕










