សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។
ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបានលើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។
ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។
លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ សន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ក្នុងរយៈពេលវែង៕






