ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ ក្រៅពីជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង អិលស៊ីឌីស៊ី អេកូហ្គ្រីន (LCDC ECO-GREEN) លោក នី តាំងហ៊ី ក៏ជាកសិករសហគ្រិនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតពងទាទៅជាផលិតផលសម្រេចមួយផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយកាត់បន្ថយការនាំចូល។
លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDB TV ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននឹងកំពុងកែច្នៃពងទាទៅជាផលិតផលសម្រេចយ៉ាងហោចណាស់បានបួនមុខ សម្រាប់ដាក់លក់នៅតាមម៉ាត និងផ្សារទំនើបមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
ពងទាច្នែទាំងបួនមុខនោះ រួមមាន ពងទាស្រស់វេចខ្ចប់ ពងទាប្រៃ ពងទាខ និងស្នូលពងទាប្រៃ។
លោក នី តាំងហ៊ី បានបន្តថា បច្ចុប្បន្ននេះ ការកែច្នៃរបស់លោកមិនទាន់បានច្រើនមុខនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខ លោកនឹងកែច្នៃពងទាបន្ថែមទៀត ដូចជា ការច្នៃធ្វើពងទាបាក់យុង ពងទាខ្មៅ និងម្សៅពងទា។
ដោយមើលឃើញពីកសិករ តែងតែមានបញ្ហាប្រឈមទីផ្សារពងទាកន្លងទៅ លោកមានគំនិតមួយនេះ ចង់ឱ្យកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចបណ្ដាប្រទេសជិតខាង ដែលភាគច្រើនប្រទេសទាំងនោះ គេមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាទៅជាផលិតផលសម្រេច មិនក្រោមពី៥០មុខនោះទេ។
លោក នី តាំងហ៊ី បានប្រាប់ ARDB TVទៀតថា លោកធ្លាប់បានទៅរៀនច្នៃម៉ូឌែលផ្សេងៗពីកោះតៃវ៉ាន់ និងប្រទេសជិតខាងមួយចំនួន ដូចជាការច្នៃប៊ឺពងទា ពងទាទឹកម៉ាយ៉ូណេស និងតៅហ៊ូពងទា។
លោកមានប្រសាសន៍ថា “ទាក់ទងនឹងម្សៅពងទា ស្នូលពងទា ពងទាខ្មៅ ពងទាទឺកកំប៉ុង ពងទាទឹកម៉ាយ៉ូណេស ប៊ឺពងទា និងតៅហ៊ូពងទាហ្នឹង នៅយើងអត់ទាន់មានទេ ហ្នឹងជាឱកាសដែលយើងត្រូវមាន ព្រោះក្នុងផ្សារ គ្រឿងទេសមួយចំនួននេះ គឺយកពីក្រៅប្រទេសមក ជាពិសេស គឺយកពីចិន ហើយបើយកពីអ្នកជិតខាងជិតៗនេះ គឺថ្លៃដូចគ្នា ថ្លៃជាងឆ្ងាយ ហើយអ្វីដែលយើងអាចធ្វើបាន ដោយសារតែយើងមានវត្ថុធាតុដើមក្នុងស្រុកសំបូរ អ៊ីចឹងយើងអាចធ្វើតែបន្តិច ឱ្យតែមានគ្រឿងម៉ាស៊ីនខ្លះជំនួយ អាហ្នឹងទៅបានហើយ ”។
លោក នី តាំងហ៊ី បានមានប្រសាសន៍ទៀតថា ចំពោះការកែច្នៃពងទាឱ្យទៅជាផលិតផលច្រើនមុខបាន លោករំពឹងទុកខ្ពស់ទទួលបានជោគជ័យ មូលហេតុដោយសារតែវត្ថុធាតុដើមនៅស្រុកខ្មែរ ជាពិសេសពងទា មានតម្លៃធូរថ្លៃ បើធៀបនឹងប្រទេសជិតខាង។ បើធៀបខុសគ្នាឆ្ងាយ ធៀបតែប្រទេសសៀម ឬប្រទេសវៀតណាមក៏ដោយ ពងដែលគេកែច្នៃហ្នឹង គឺថ្លៃ នៅតៃវ៉ាន់ នៅប្រទេសរីកចម្រើនមួយចំនួន លើកលែងតែឡាវ គឺពងទាថ្លៃទាំងអស់ អត់ក្រោមមួយគ្រាប់៣កាក់ទេ ៣កាក់ស្មើនឹង១ ២០០រៀល ឬទៅ៤កាក់។
នេះជាហេតុផល ដែលជំរុញឱ្យសហគ្រិនខ្មែរចេះកែច្នៃ ដោយសារកសិករបច្ចុប្បន្ន ចិញ្ចឹមយកតែពងទាស្រស់ ហើយស្តុកបានតែចន្លោះមួយសប្តាហ៍ ឬពីរសប្តាហ៍។ នៅពេលមានបញ្ហាទីផ្សារ ចាប់ពីបីសប្តាហ៍ ឬមួយខែទៅ គឺជ្រួលច្របល់ហើយ។
លោកបានបន្តថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ពងទានៅលើទីផ្សារក្នុងមួយថ្ងៃ ចន្លោះពី៨០ដុំ ទៅ១០០ដុំ ស្មើនឹង៣០ ០០០គ្រាប់។
លោកលើកឡើងថា បច្ចុប្បន្នពងទាចាប់ផ្តើមខ្វះ ដោយសារខែមិថុនានេះ ទាអត់សូវសំបូរ និងទាជម្រុះរោមទៀត។ ក្រៅពីការចិញ្ចឹមទា និងកែច្នៃពងទា កសិដ្ឋានរបស់លោកបច្ចុប្បន្ន បានប្រមូលទិញពងទាពីកសិករចិញ្ចឹមទាយកពង តាមរយៈការចុះកុងត្រា ដើម្បីផ្គត់ផ្គង់មកកាន់ទីផ្សារនៅភ្នំពេញផងដែរ។ កសិដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ៕










