ភ្នំពេញ៖ បច្ចុប្បន្ន តម្រូវការទឹកដោះគោស្រស់ផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ចន្លោះពី១០ម៉ឺន ទៅ១២ម៉ឺនលីត្រក្នុងមួយថ្ងៃ ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងកំពុងងាកមកគាំទ្រផលិតផលជាតិ។
ទោះជាយ៉ាងណាក៏ដោយ ការផលិតក្នុងស្រុកនាពេលបច្ចុប្បន្ន អាចផ្គត់ផ្គង់បានត្រឹមតែប្រមាណ៣១ភាគរយ នៃតម្រូវការទីផ្សារសរុបប៉ុណ្ណោះ។
ឆ្លើយតបនឹងឱកាសទីផ្សារដ៏ធំនេះ កសិដ្ឋាន “មូមូ” បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ទៅកាន់ហាងកាហ្វេ និងអ្នកស្រឡាញ់សុខភាព។
បច្ចុប្បន្ន កសិដ្ឋាននេះអាចផលិតទឹកដោះគោស្រស់បានពី៣ ០០០ទៅ ៤ ០០០លីត្រ ក្នុងមួយថ្ងៃ។
កសិដ្ឋានមូមូ កំពុងពង្រីកសង្វាក់ផលិតកម្ម ដើម្បីឈានទៅសម្រេចគោលដៅ ១២ ០០០លីត្រក្នុងមួយថ្ងៃ តាមរយៈការបង្កើនចំនួនពូជមេគោ នៅចុងឆ្នាំ២០២៦នេះ។
ការកើនឡើងនៃការផលិតនេះ ជាសញ្ញាវិជ្ជមាននៃកំណើនតម្រូវការ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ផលិតផលក្នុងស្រុក ទន្ទឹមនឹងការកើនឡើងនៃការយល់ដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកដោះគោស្រស់ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដើម្បីសុខភាពល្អរបស់ពលរដ្ឋខ្មែរ។
ទោះបីជាការផ្គត់ផ្គង់បច្ចុប្បន្ននៅមានកម្រិត ប៉ុន្តែផែនការពង្រីកខ្លួនរបស់កសិដ្ឋានក្នុងស្រុក ជាពិសេស កសិដ្ឋានមូមូ គឺជាពន្លឺសង្ឃឹមថ្មីមួយនៃផលិតផលក្នុងស្រុក៕










