ក្រសួងកសិកម្មវៀតណាមបញ្ជាឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីជំរុញការនាំចេញផ្លែទុរេន

D3di1ut11riVdiwugOao

ហូជីមិញ៖ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់ ដើម្បីគាំទ្រដល់ការនាំចេញផ្លែទុរេន ចំពេលមានការរំខានបណ្តាលមកពីឧបសគ្គនៃការធ្វើតេស្ត និងតម្រូវការលក្ខខណ្ឌរបស់ទីផ្សារនាំចូលកាន់តែតឹងរ៉ឹង។

ក្រសួងបាននិយាយថា ការលំបាកនេះបានប៉ះពាល់ដោយផ្ទាល់ដល់ការប្រើប្រាស់ផលិតផល ប្រាក់ចំណូល និងអាជីវកម្មរបស់កសិករ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក វ៉ូ វ៉ាន់ហ៊ុង (Vo Van Hung) បានប្រាប់ឱ្យអាជ្ញាធរខេត្ត ក្រុង សហការឱ្យបានជិតស្និទ្ធជាមួយម្ចាស់អាជីវកម្ម និងសហគមន៍ ដើម្បីគាំទ្រការលក់ ការតភ្ជាប់ទីផ្សារ និងដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ទាក់ទងនឹងផលិតកម្ម ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូន។

ចំណែកអាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ដើម្បីធានាបាននូវការអនុលោមតាមលេខកូដតំបន់ដាំដុះ ច្បាប់តាមដាន និងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដែលត្រូវការដោយទីផ្សារនាំចូល។

រីឯកន្លែងធ្វើតេស្តត្រូវបន្ថែមបុគ្គលិក ឧបករណ៍ និងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការ ដើម្បីពន្លឿននីតិវិធីសម្រាប់ផ្លែទុរេន និងផលិតផលកសិកម្មផ្សេងទៀត និងការពារការកកស្ទះយូរ។

លោកអនុរដ្ឋមន្ត្រីបានស្នើសុំមជ្ឈមណ្ឌលធ្វើតេស្ត ដើម្បីបង្កើនធនធានឱ្យបានច្រើន និងរៀបចំកាលវិភាគការងារដែលអាចបត់បែនបាន រួមទាំងបន្ថែមម៉ោងធ្វើការនៅពេលចាំបាច់ ដើម្បីកាត់បន្ថយពេលវេលាធ្វើតេស្ត ដោយធានាបាននូវភាពត្រឹមត្រូវ។

ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយថា នីតិវិធីនៃការធ្វើតេស្ត ពេលវេលា និងការចំណាយត្រូវតែមានតម្លាភាព ដើម្បីការពារកុំឱ្យមានទង្វើរំលោភច្បាប់ ឬបង្កការរំខាន។

នាយកដ្ឋានបង្កបង្កើនផល និងការពារដំណាំ មានភារកិច្ចធ្វើការជាមួយរដ្ឋបាលគយទូទៅរបស់ប្រទេសចិន ដើម្បីពន្លឿនការអនុម័តយល់ព្រមចំពោះមន្ទីរពិសោធន៍ធ្វើតេស្តបន្ថែម និងប្រឹងប្រែងធ្វើការឱ្យល្អប្រសើរឡើងវិញនៅតាមបណ្តាកន្លែង ដែលត្រូវបានព្យួរការងារជាបណ្តោះអាសន្ននាពេលកន្លងមក។

នាយកដ្ឋាននេះទទួលបានការណែនាំឱ្យពិនិត្យឡើងវិញនូវតាមតំបន់ដាំដុះមួយចំនួន ដែលមានហានិភ័យខ្ពស់នៃការប្រើសារធាតុគីមីកាដមីញ៉ូម និងណែនាំដល់អាជ្ញាធរមូលដ្ឋានអំពីរបៀបធ្វើកសិកម្ម រួមទាំងជី និងការប្រើប្រាស់ទឹក ដើម្បីកាត់បន្ថយហានិភ័យ និងបំពេញតាមស្តង់ដារទីផ្សារនាំចូល។

លោក វ៉ូ វ៉ាន់ហ៊ុង បានបន្ថែមថា ប្រធានទីភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធ នឹងទទួលខុសត្រូវដោយផ្ទាល់ចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ចំពោះលទ្ធផលនៃការអនុវត្តសារាចរណែនាំ ហើយត្រូវតែរាយការណ៍មកក្រសួងជាបន្ទាន់អំពីការលំបាក និងដំណោះស្រាយរបស់ខ្លួន។

កាលពីចុងឆ្នាំ២០២៥ ផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២ ០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ប្រទេសវៀតណាម។

បណ្តាញសារព័ត៌មានរបស់វៀតណាម បានចេញផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ ត្រូវបង្គាប់ផ្អាកប្រតិបត្តិការទាំងអស់ ដូចជាឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។

ការបិទចោលមន្ទីរពិសោធន៍នេះ បានបណ្តាលឱ្យកកស្ទះផ្លែទុរេនយ៉ាងខ្លាំងនៅតាមបណ្តាឃ្លាំងស្តុក ស្តិតតាមបណ្តោយផ្លូវដឹកជញ្ជូន និងនៅជិតច្រកព្រំដែននាំចេញទៅកាន់ប្រទេចិន ស្របពេលរដូវសម្រុកប្រមូលផលផ្លែទុរេនដើមរដូវរបស់វៀតណាម។ ចំណែកក្រុមហ៊ុនជាច្រើនបានឈប់ទិញផ្លែទុរេន ដូច្នេះធ្វើឱ្យតម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយធ្វើឱ្យផ្លែទុរេនត្រូវទុំរលួយចោលនៅក្នុងចម្ការរ។

សូមរំឭកថា អាជ្ញាធរមូលដ្ឋានរបស់វៀតណាម បានចាប់ខ្លួនបុរសវៀតណាមពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីហាមឃាត់ពីប្រទេសថៃ យកមកដាក់ឱ្យផ្លែទុរេនឆាប់ទុំ និងរក្សាទុកឲ្យបានយូរសម្រាប់នាំចេញទៅកាន់ទីផ្សារចិន​ និងទីផ្សារប្រទេសជិតខាង។

នៅទូទាំងប្រទេសវៀតណាមមានផ្ទៃដីដាំដំណាំទុរេន ជាង១៧៨ ០០០ហិកតា និងផ្តល់ ទិន្នផលផ្លែទុរេន បរិមាណជាង១,៥លានតោនក្នុងមួយឆ្នាំ។ ប៉ុន្តែតម្លៃផ្លែទុរេន បានធ្លាក់ថ្លៃយ៉ាងខ្លាំងដោយសារការរឹតបន្តឹងស្តង់ដារនាំចូលរបស់ចិន ក្រោយពីធ្វើតេស្តរកឃើញសារធាតុគីមីហាមឃាត់មួយចំនួន ដូចជាសារធាតុគីមីឈ្មោះ កាដមីញ៉ូម (Cadmium) ដែលអាចបង្កផលប៉ះពាល់ដល់តម្រងនោម និងសួត ព្រមទាំងរកឃើញសារធាតុគីមី ​ឈ្មោះ អូរ៉ាមីនអូ  (Auramine O) អាចបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ