ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្តីកង្វល់ និងកង្វះខាតទុនពង្រីកអាជីវកម្មរបស់កសិករនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា កសិករអាចស្វែងរកកម្ចីពីធនាគាររបស់រដ្ឋ ដែលមានអត្រាកាប្រាក់ទាប និងធនាគារដែលជាដៃគូរបស់ក្រសួងយកទៅពង្រីកអាជីកម្មរបស់ខ្លួនដោយងាយស្រួល បើទោះជាកសិកររូបនោះគ្មានទ្រព្យបញ្ចាំក៏ដោយ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ បានថ្លែងថា បច្ចុប្បន្ននេះ កសិករនៅក្នុងប្រទេសកម្ពុជាភាគច្រើន គឺខ្វះទុនក្នុងការពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។ ដូច្នេះ កសិករអាចស្វែងរកទុនពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងធនាគារ SMEs ដែលបានមានអត្រាការប្រាក់ទាប ដើម្បីយកទៅពង្រីកអាជីវកម្មបាន។
លោកជំទាវបានបន្ថែមថា មួយវិញទៀត បើទោះបីជាកសិករមិនមានទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី ឱ្យតែមានអាជីកម្ម ដែលទទួលស្គាល់ និងចុះបញ្ជីអាជីកម្មជាមួយក្រសួងពាណិជ្ជកម្ម គឺអាចខ្ចីកម្ចីបាន គឺតាមរយៈការដឹងលឺ និងកិច្ចសន្យាពីក្រសួងដោយយកចំណូលអាជីកម្មមកសងទៅធនាគារវិញ ក្រោយពេលប្រមូលផល។
រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ និងកម្មវិធីជាច្រើន ដើម្បីជួយកសិករដែលខ្វះខាតទុនក្នុងការពង្រីកអាជីវកម្មកសិកម្ម និងបង្កើនផលិតភាព។ វិធានការទាំងនេះរួមមានការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប ការគាំទ្របច្ចេកទេស ការអភិវឌ្ឍទីផ្សារ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ។
ការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាដល់កសិករខ្វះទុន មិនត្រឹមតែផ្តោតលើការផ្តល់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងបច្ចេកទេស ទីផ្សារ ជំនួយបន្ទាន់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយឱ្យវិស័យកសិកម្មកាន់តែរឹងមាំ និងមានចីរភាព៕












