ហ្វីលីពីនចង់ឱ្យជប៉ុនបញ្ចុះពន្ធលើការនាំចេញផ្លែចេករបស់ខ្លួននៅទាបដូចកម្ពុជា​ និងវៀតណាម

image_2026-05-11_07-28-22

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងស្វែងរកការបញ្ចុះពន្ធឱ្យនៅទាបលើការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន នៅក្នុងការពិភាក្សាផ្នែកពាណិជ្ជកម្មកសិកម្មរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានលើកឡើងថា បញ្ហានេះនឹងក្លាយជាប្រធានបទមួយក្នុងកិច្ចពិភាក្សា នាអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណាន ម៉ាកូស (Ferdinand Marcos) ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ។

ការពិភាក្សាអំពីពន្ធគយនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងជប៉ុន និងហ្វីលីពីន ដែលជប៉ុនអនុវត្តពន្ធគយត្រឹមប្រាំបីភាគរយលើចេករបស់ហ្វីលីពីន ដោយគិតចាប់ពីខែតុលា ដល់ខែមីនា និង១៨ភាគរយ គិតពីខែមេសា ដល់ខែកញ្ញា។

ក្រសួងកសិកម្មបានប្រកាសថា ចេកហ្វីលីពីនបន្តកាន់កាប់ចំណែកដ៏ធំនៃទីផ្សារក្នុងប្រទេសជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងអាចកើនឡើងនៅពេលហ្វីលីពីនទទួលបានអត្រាពន្ធទាប ដើម្បីបន្តពង្រីកការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន។

ទន្ទឹមនឹងការពិភាក្សាអំពីអត្រាពន្ធគយ ប្រទេសហ្វីលីពីន និងជប៉ុន ក៏កំពុងធ្វើវិសោធនកម្មលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មផងដែរ។ ការផ្លាស់ប្តូរដែលត្រូវបានស្នើឡើង រួមមាន ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជលផល កសិកម្មឆ្លាតវៃ ប្រព័ន្ធឌីជីថល កសិកម្មច្បាស់លាស់ និងផលិតកម្មជី។

កិច្ចព្រមព្រៀង ដែលត្រូវបានកែសម្រួលនេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្កើតគណៈកម្មការចម្រុះមួយ ស្តីពីកសិកម្ម និងនេសាទ ដើម្បីគាំទ្រដល់កិច្ចសហការរវាងប្រទេសទាំងពីរ។

ក្រោយកិច្ចពិភាក្សាជាមួយលោក កាហ្សូយ៉ា អេនដូ (Kazuya Endo) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការលើការផលិតជីជីវសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មច្បាស់លាស់ផងដែរ។

លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់ប្រទេសជប៉ុន គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសន្តិសុខស្បៀង និរន្តរភាព និងពាណិជ្ជកម្មកសិកម្ម។

លោកបានមានប្រសាសន៍ដូច្នេះថា “វាក៏ផ្តល់ឱកាសដើម្បីតម្រង់ទិសដៅអាទិភាពរបស់យើងឱ្យស្របគ្នា និងពន្លឿនគំនិតផ្តួចផ្តើម ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងអ្នកនេសាទហ្វីលីពីន។”

ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។

ប្រទេសជប៉ុន​អនុវត្ត​ពន្ធ​សូន្យ​លើ​ផ្លែចេកនាំចូល​ពីប្រទេស​ម៉ិកស៊ិក និងប្រទេស​ប៉េរូ ហើយ​យកពន្ធ​ទាប​លើផ្លែចេកនាំចូលពីប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។  ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ក្រោមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។

ប្រទេសហ្វីលីពីនមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន​ បានលើកឡើងថា ប្រទេសហ្វីលីពីនកំពុងរៀបចំចូលក្នុងប្លុកនេះ ដែលមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី ចក្រភពអង់គ្លេស និងប្រទេសវៀតណាមជាសមាជិក។

កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន ដោយបានយល់ព្រមដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ខណៈប្រទេសហ្វីលីពីនកំពុងរៀបចំឯកសារ ដោយសង្ឃឹមថា ប្រទេសជប៉ុនអាចពិចារណាតាមសំណើរបស់ខ្លួន។ ប៉ុន្តែនៅពេលនេះ ប្រទេសហ្វីលីពីន​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ជា​បណ្តើរៗ​ ស្រដៀង​នឹង​គម្រោង​អនុគ្រោះ​របស់​វៀតណាមផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ