សហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែច្នៃ​ការ៉ុងស៊ីម៉ងត៍សម្រាប់ដាំបន្លែដើម្បីជួយ​​ការពារបរិស្ថាន

656118397_1691975215506580_8845695424526081353_n

ដោយ នៅ ស៊ីវុត្ថា

សៀមរាប៖ សហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ​មានគំនិតច្នៃប្រឌិតខ្ពស់ ​បាន​យកសំបកការ៉ុងស៊ីម៉ងត៍ដែលគេបោះចោលយក មកប្រើប្រាស់ជំនួសផើងសម្រាប់ដាំដុះដំណាំបន្លែ ដើម្បីជួយដល់ការការពារបរិស្ថាន។

​អ្នក​ស្រី គួន អូន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការកែច្នៃ​ការ៉ុងស៊ីម៉ងត៍​សម្រាប់​ដាំបន្លែនៅក្នុងសហគមន៍ គឺដើម្បី​រួមចំណែកកាត់បន្ថយសំរាម ដែលត្រូវបានយកទៅកប់ចូលទៅក្នុងដី ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

អ្នក​ស្រី ​បន្តថា បើសិនជាយកការ៉ុងស៊ីម៉ងត៍នោះដុចចោលក៏ធ្វើឱ្យមានផ្សែងពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។ដូច្នេះ ដើម្បីរួមចំណែកការការពារបរិស្ថាន សហគមន៍ក៏មានគំនិតយកមកដាក់ដីដាំបន្លែ  ដែលមានភាពងាយស្រួលក្នុងការធ្វើបំលាស់ទី និងគ្រប់គ្រងជីបានល្អ។

ទាក់ទិននឹងបញ្ហានេះដែរ លោក ឡុច សាន់ ជាកសិករគំរូ ក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានឱ្យដឹងថា ការសម្រេចយកការ៉ុងស៊ីម៉ងត៍មកធ្វើជាផើងដាំដំណាំ បានផ្ដល់ងាយស្រួលក្នុងការដាំដុះ, ការផ្លាស់ទី និងមិនរើសទីតាំងដីដាំដុះ ជាពិសេសចៀសសវាងការយកសំបកការ៉ុងទៅដុតចោល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

លោកថា ការដាំដុះដំណាំក្នុងការ៉ុងនេះ អាចដាំបានគ្រប់ប្រភេទបន្លែ មានដូចជាបន្លែស្លឹក បន្លែម៉ើម និងបន្លែផ្លែ ហើយវាក៏ទទួលបានទិន្នផលល្អដូចដាំដុះលើដីផ្ទាល់ ជាពិសេសកសិករងាយស្រួលក្នុងការជំរះយកស្មៅចេញ។

កសិករគំរូខាងលើបានឱ្យដឹងទៀតថា បើដាំលើផ្ទាល់ដីវាធ្វើឱ្យស្មៅ ឬរុក្ខជាតិផ្សេងៗស្រូបយកជីវជាតិពីបន្លែ ប៉ុន្តែការដាំក្នុងការ៉ុង ពួកគាត់អាចគ្រប់គ្រងជីបានល្អ ព្រោះមិនមានរុក្ខជាតិផ្សេងៗ បឺតយកជីជាតិក្នុងការ៉ុងបានទេ ខណៈនៅរដូវវស្សាមានភ្លៀងច្រើនអាចមានទឹកជន់លិច នោះកសិករក៏អាចចល័តការ៉ុងដំណាំ ដើម្បីចៀស​វាង​ពីការជន់លិចធ្វើឱ្យរលួយដំណាំបានយ៉ាងងាយស្រួល។

បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប លោក ឡុច សាន់ រស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកសិករគំរូមួយរូប ដែលបានជ្រើសរើសយកការដាំបន្លែចម្រុះ និងការចិញ្ចឹមសត្វ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏អាចយកទៅលក់លើទីផ្សារ ដោយក្នុងមួយខែ លោកអាចរកចំណូលបានពី ៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀលផងដែរ៕

 


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ