ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង៣៧៦លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ (មករា-មីនា) កើនឡើង១៦,២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ខណៈកម្ពុជាបានបង្កើនការកែច្នៃលើកកម្ពស់គុណភាពដំឡូងមីស្របតាមតម្រូវការទីផ្សារ។
តម្លៃដំឡូងមីស្រស់បានកើនឡើងវិញដល់ជាង៣០០រៀល ក្នុងមួយគីឡូ ចាប់តាំងពីដើមខែកុម្ភៈ ខែ២០២៦ ដោយសារការកើនឡើងនៃតម្រូវការសកល។ តម្លៃដំឡូងមីស្រស់នៅភាគខាងជើងប្រទេសកម្ពុជា លក់បាន២៩០រៀល ក្នុងមួយគីឡូក្រម នៅភូមិភាគកណ្ដាល មានខេត្តកំពង់ធំ ខេត្តកំពង់ចាម ឡើងដល់៤០០រៀល ក្នុងមួយគីឡូក្រាម និងភាគខាងលិចមានខេត្តបាត់ដំបង ខេត្តប៉ៃលិន ឡើងដល់ជាង៣០០រៀល ក្នុងមួយគីឡូក្រាម»។
បើតាមប្រធានសមាគមដំឡូងមីខ្មែរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង៦០០រៀល ក្នុងមួយគីឡូក្រាម។ ទីផ្សារដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។
រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ១០លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០២៥។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន៦៤៦លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤។
បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន៣ ១០៥ ៥០០តោន ធ្លាក់ចុះ៩,៨២ភាគរយ នៅក្នុងឆ្នាំ២០២៥ រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង៦២,២២ភាគរយ ដែលមានចំនួន១ ៥៦៥ ៩៤០តោន ប្រៀបធៀបឆ្នាំ២០២៤៕








