ម៉ាស្កាត៖ ប្រទេសអូម៉ង់បានបង្ហាញពីឱកាសវិនិយោគលើវិស័យសន្តិសុខស្បៀង ដែលមានតម្លៃជាង៩៣,៨លានរីយ៉ាល់អូម៉ង់ ឬស្មើនឹង២៤៣លានដុល្លារ ដោយផ្តោតលើកំណើនក្នុងវិស័យកសិកម្ម នេសាទ និងខ្សែច្រវាក់តម្លៃ។
គម្រោងវិនិយោគនេះកើតឡើងពីគំនិតផ្តួចផ្តើមរវាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ និងក្រសួងកសិកម្ម នេសាទ និងធនធានទឹករបស់ប្រទេសអូម៉ង់ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ដោយខ្លួនឯង និងជំរុញការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់។
កម្មវិធីវិនិយោគនេះស្របតាមក្របខណ្ឌថ្មី ឆ្នាំ២០២៦-២០៣០ ដែលចុះកិច្ចព្រមព្រៀងជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) ដោយផ្តោតលើប្រព័ន្ធស្បៀងអាហារមានភាពធន់ ផលិតកម្មអាកាសធាតុឆ្លាតវៃ និងការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង។ ចំណុចនេះក៏ផ្តោតសំខាន់លើការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ននៅទូទាំងវិស័យនេះផងដែរ។
ចំណែកនៅក្នុងផលិតកម្មបឋម គម្រោងជាច្រើនត្រូវបានកំណត់នៅក្នុងតំបន់ធ្វើកសិកម្មរបស់ប្រទេសអូម៉ង់ រួមមានការដាំខ្ទឹមបារាំង ខ្ទឹមស និងឪឡឹក រួមជាមួយនឹងការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការកែច្នៃដំឡូង។ ការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកទិន្នផលក្នុងស្រុក និងគាំទ្រដល់ដំណាំដែលមានតម្លៃខ្ពស់។
រីឯក្នុងវិស័យវារីវប្បកម្មវិញ ដែលនៅតែជាសសរស្តម្ភដ៏សំខាន់ជាមួយនឹងការវិវឌ្ឍន៍ ដែលបានគ្រោងទុក រួមមាន ការដំាសារាយ, ចិញ្ចឹមប៉ៅហឺ និងគម្រោងចិញ្ចឹមបង្គា។ គំនិតផ្តួចផ្តើមបន្ថែមផ្សេងទៀត រួមមាន ការចិញ្ចឹមត្រីធូណា និងការផលិតចំណីត្រី។
តាមរយៈទំហំគម្រោងដ៏ធំនេះ ដែលមានចាប់ពីការវិនិយោគទ្រង់ទ្រាយមធ្យមរហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រធំនេះបង្ហាញគោលជំហររបស់ប្រទេសអូម៉ង់ក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផលិតកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕














